16. ពួកជំនុំផងព្រះយេហូវ៉ាទាំងអស់គ្នាសួរដូច្នេះថា តើអំពើរំលងយ៉ាងណានេះ ដែលឯងរាល់គ្នាបានធ្វើ ទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងបែរចេញពីព្រះយេហូវ៉ានៅថ្ងៃនេះ ដោយបានស្អាងអាសនាសំរាប់ខ្លួន ប្រយោជន៍នឹងប្រព្រឹត្តទាស់ទទឹងនឹងព្រះយេហូវ៉ាដូច្នេះ
17. ឯអំពើអាក្រក់ដែលយើងបានប្រព្រឹត្តត្រង់ពេអរ មិនទាន់បានសំអាតខ្លួនដរាបមកដល់សព្វថ្ងៃនេះ ទោះបើមានសេចក្ដីវេទនាកើតដល់ពួកជំនុំព្រះយេហូវ៉ាក៏ដោយ តើការនោះយល់ថាតូចពេកឬអី
18. បានជាថ្ងៃនេះ ឯងរាល់គ្នាត្រូវការចង់បែរចេញពីព្រះយេហូវ៉ាទៀត ចាំមើល បើឯងរាល់គ្នាទាស់ទទឹងនឹងព្រះយេហូវ៉ានៅថ្ងៃនេះ នោះដល់ថ្ងៃស្អែក ទ្រង់នឹងមានសេចក្ដីក្រោធទាស់នឹងពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាហើយ
19. ឬបើសិនជាស្រុក ជាកេរអាកររបស់ឯងរាល់គ្នា ស្មោកគ្រោក នោះមានតែឆ្លងទៅក្នុងស្រុក ជាកេរអាកររបស់ព្រះយេហូវ៉ា ជាស្រុកដែលតាំងមានរោងឧបោសថផងព្រះយេហូវ៉ាវិញ ហើយទទួលយកស្រុក១នៅជាមួយនឹងយើងផង សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ាឡើយ ក៏កុំឲ្យបះបោរនឹងយើងដែរ ដោយឯងស្អាងអាសនា១ ក្រៅពីអាសនាផងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នានោះ
20. ឯអេកានជាកូនសេរ៉ាស តើមិនបានរំលងខាងឯរបស់ដែលត្រូវបំផ្លាញទេឬអី ហើយមានសេចក្ដីខ្ញាល់ធ្លាក់មកលើពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង ហើយមនុស្សនោះមិនមែនបានវិនាសទៅ តែម្នាក់ឯងដោយព្រោះអំពើអាក្រក់នោះទេ។
21. ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លើយទៅពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ថា
22. ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ ពួកអ៊ីស្រាអែលក៏នឹងដឹងដែរ បើយើងរាល់គ្នាបានស្អាងអាសនានេះ ដោយបះបោរ ឬរំលងទាស់នឹងព្រះយេហូវ៉ា
23. ប្រយោជន៍នឹងបែរចេញពីទ្រង់ ឬសំរាប់នឹងថ្វាយដង្វាយដុត និងដង្វាយម្សៅ ឬថ្វាយយញ្ញបូជាទុកជាដង្វាយមេត្រី នោះសូមឲ្យព្រះយេហូវ៉ាហៅយើងខ្ញុំមកឆ្លើយ ពីការដែលប្រព្រឹត្តនៅចំពោះទ្រង់ចុះ បើយ៉ាងនោះមែន នោះសូមកុំឲ្យព្រះអង្គជួយសង្គ្រោះយើងខ្ញុំនៅថ្ងៃនេះឡើយ
24. គឺយើងខ្ញុំបានធ្វើការនេះដោយប្រយ័ត្នវិញទេតើ ហើយតាមបំណងចិត្ត ដោយនឹកខ្លាចក្រែងវេលាណាទៅមុខ ពួកកូនចៅអ្នករាល់គ្នានិយាយចំពោះពួកកូនចៅយើងខ្ញុំថា តើឯងរាល់គ្នាមានសេចក្ដីប្រកបអ្វីនឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
25. ដ្បិតព្រះយេហូវ៉ាទ្រង់បានដំរូវទន្លេយ័រដាន់ ទុកជាព្រំខណ្ឌនៅកណ្តាលយើង និងឯងរាល់គ្នា ដែលជាកូនចៅរូបេន និងកូនចៅកាឌ់ហើយ ដូច្នេះឯងរាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ យ៉ាងនោះពួកកូនចៅរបស់អ្នករាល់គ្នា នឹងបណ្តាលឲ្យពួកកូនចៅយើងខ្ញុំលែងកោតខ្លាចដល់ព្រះយេហូវ៉ា
26. ហេតុនោះបានជាយើងរាល់គ្នាបាននិយាយគ្នាថា ចូរយើងស្អាងអាសនា១មិនមែនសំរាប់ថ្វាយដង្វាយ ឬយញ្ញបូជាទេ
27. គឺទុកគ្រាន់តែជាទីបន្ទាល់ ដល់យើងខ្ញុំ និងអ្នករាល់គ្នា ព្រមទាំងកូនចៅយើងទាំងអស់គ្នាតទៅប៉ុណ្ណោះ ដើម្បីឲ្យយើងខ្ញុំបានគោរពប្រតិបត្តិ នៅចំពោះព្រះយេហូវ៉ា ដោយដង្វាយដុតយញ្ញបូជា និងដង្វាយមេត្រីរបស់យើងខ្ញុំ ប្រយោជន៍ដល់ពេលទៅមុខ កុំឲ្យកូនចៅរបស់អ្នករាល់គ្នានិយាយនឹងកូនចៅយើងខ្ញុំថា ឯងគ្មានចំណែកនឹងព្រះយេហូវ៉ាទេនោះឡើយ
28. ដូច្នេះយើងខ្ញុំបានសំរេចថា បើកាលណាគេនឹងនិយាយដូច្នោះមកយើងខ្ញុំ ឬនឹងពូជដំណយើងខ្ញុំតទៅមុខ នោះយើងខ្ញុំនឹងឆ្លើយតបថា មើល នេះជាគំរូពីអាសនាផងព្រះយេហូវ៉ា ដែលពួកអយ្យកោយើងខ្ញុំបានស្អាងទុក មិនមែនសំរាប់ថ្វាយដង្វាយដុត ឬយញ្ញបូជាទេ គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ និងអ្នករាល់គ្នាប៉ុណ្ណោះ
29. សូមឲ្យគំនិតយ៉ាងនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងតាមទ្រង់នៅថ្ងៃនេះ ដោយស្អាងអាសនា សំរាប់ដង្វាយដុត ដង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនាផងព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថទ្រង់នោះឡើយ។
30. កាលភីនេហាសដ៏ជាសង្ឃ ហើយនឹងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់