10. កាលគេបានទៅដល់ក្រវល់ស្រុកជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន នោះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ស្អាងអាសនា១ទៅជិតទន្លេយ័រដាន់ ជាអាសនាមានភាពយ៉ាងធំ
11. ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនា១ នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ
12. កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ នោះពួកជំនុំទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ដើម្បីនឹងឡើងទៅទាស់នឹងគេ។
13. ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ ទៅឯពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនៅស្រុកកាឡាត
14. ព្រមទាំងមានពួកជាកំពូល១០នាក់ទៅជាមួយផង គឺម្នាក់ៗក្នុងវង្សនៃពួកអយ្យកោ១ របស់គ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល អ្នកទាំងនោះសុទ្ធតែជាមេលើវង្សានុវង្ស នៃពួកអ៊ីស្រាអែលទាំងពាន់ៗ
15. គេក៏ទៅដល់ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាតប្រាប់ថា
16. ពួកជំនុំផងព្រះយេហូវ៉ាទាំងអស់គ្នាសួរដូច្នេះថា តើអំពើរំលងយ៉ាងណានេះ ដែលឯងរាល់គ្នាបានធ្វើ ទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងបែរចេញពីព្រះយេហូវ៉ានៅថ្ងៃនេះ ដោយបានស្អាងអាសនាសំរាប់ខ្លួន ប្រយោជន៍នឹងប្រព្រឹត្តទាស់ទទឹងនឹងព្រះយេហូវ៉ាដូច្នេះ
17. ឯអំពើអាក្រក់ដែលយើងបានប្រព្រឹត្តត្រង់ពេអរ មិនទាន់បានសំអាតខ្លួនដរាបមកដល់សព្វថ្ងៃនេះ ទោះបើមានសេចក្ដីវេទនាកើតដល់ពួកជំនុំព្រះយេហូវ៉ាក៏ដោយ តើការនោះយល់ថាតូចពេកឬអី
18. បានជាថ្ងៃនេះ ឯងរាល់គ្នាត្រូវការចង់បែរចេញពីព្រះយេហូវ៉ាទៀត ចាំមើល បើឯងរាល់គ្នាទាស់ទទឹងនឹងព្រះយេហូវ៉ានៅថ្ងៃនេះ នោះដល់ថ្ងៃស្អែក ទ្រង់នឹងមានសេចក្ដីក្រោធទាស់នឹងពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាហើយ
19. ឬបើសិនជាស្រុក ជាកេរអាកររបស់ឯងរាល់គ្នា ស្មោកគ្រោក នោះមានតែឆ្លងទៅក្នុងស្រុក ជាកេរអាកររបស់ព្រះយេហូវ៉ា ជាស្រុកដែលតាំងមានរោងឧបោសថផងព្រះយេហូវ៉ាវិញ ហើយទទួលយកស្រុក១នៅជាមួយនឹងយើងផង សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ាឡើយ ក៏កុំឲ្យបះបោរនឹងយើងដែរ ដោយឯងស្អាងអាសនា១ ក្រៅពីអាសនាផងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នានោះ
20. ឯអេកានជាកូនសេរ៉ាស តើមិនបានរំលងខាងឯរបស់ដែលត្រូវបំផ្លាញទេឬអី ហើយមានសេចក្ដីខ្ញាល់ធ្លាក់មកលើពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង ហើយមនុស្សនោះមិនមែនបានវិនាសទៅ តែម្នាក់ឯងដោយព្រោះអំពើអាក្រក់នោះទេ។
21. ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លើយទៅពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ថា
22. ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ ពួកអ៊ីស្រាអែលក៏នឹងដឹងដែរ បើយើងរាល់គ្នាបានស្អាងអាសនានេះ ដោយបះបោរ ឬរំលងទាស់នឹងព្រះយេហូវ៉ា