យ៉ូស្វេ 21:31-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ហេល‌កាត និង​ដី​នៅ​ជុំវិញ រេហុប និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

32. ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ និង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ និង​ដី​នៅ​ជុំវិញ ការថាន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង

33. ទី​ក្រុង​របស់​ពួក​គើសុន តាម​គ្រួ​គេ ទាំង​អស់​មាន​១៣​ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។

34. ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់‌យូ‌ល៉ូន គឺ​យ៉ុក‌នាម និង​ដី​នៅ​ជុំវិញ ការថា និង​ដី​នៅ​ជុំវិញ

35. ឌីមណា និង​ដី​នៅ​ជុំវិញ ណាហា‌ឡាល និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

36. ហើយ​ក្នុង​ពូជ​អំបូរ​រូបេន នោះ​ក៏​ឲ្យ​បេស៊ើរ និង​ដី​នៅ​ជុំវិញ យ៉ាហាស និង​ដី​នៅ​ជុំវិញ

37. ក្តេម៉ូត និង​ដី​នៅ​ជុំវិញ មេផ្អាត និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

38. ហើយ​ក្នុង​ពូជ​អំបូរ​កាឌ់ នោះ​ក៏​ឲ្យ​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាត និង​ដី​នៅ​ជុំវិញ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ម៉ាហា‌ណែម និង​ដី​នៅ​ជុំវិញ

39. ហែសបូន និង​ដី​នៅ​ជុំវិញ យ៉ាស៊ើរ និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

40. ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ជា​របស់​ផង​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួ​គេ គឺ​ជា​ពួក​គ្រួ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ នោះ​មាន​ទី​ក្រុង​១២។

41. ដូច្នេះ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី ដែល​នៅ​ក្នុង​កេរ‌អាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង

42. ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​នៅ​ជុំវិញ​គ្រប់ៗ​គ្នា។

43. ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង

44. រួច​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ តាម​គ្រប់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ គ្មាន​ពួក​ខ្មាំង​សត្រូវ​ណា​មួយ​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទាំង​អស់ មក​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ

45. ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។

យ៉ូស្វេ 21