យ៉ូស្វេ 2:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ខណៈ​នោះ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា មើល នៅ​យប់​នេះ មាន​មនុស្ស​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​នឹង​សង្កេត​មើល​ស្រុក​នេះ

3. នោះ​ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​បង្គាប់​រ៉ាហាប​ថា ចូរ​នាំ​មនុស្ស ដែល​ចូល​មក​ស្នាក់​នៅ​ផ្ទះ​ឯង​នោះ​ចេញ​មក ដ្បិត​គេ​បាន​មក ដើម្បី​នឹង​ដើរ​សង្កេត​មើល​ពេញ​ក្នុង​ស្រុក​នេះ

4. តែ​នាង​បាន​នាំ​យក​មនុស្ស​២​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា មាន​មនុស្ស​មក​ឯ​ខ្ញុំ​មែន តែ​ខ្ញុំ​ឥត​បាន​ដឹង​ជា​មក​ពី​ណា​ទេ

5. លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ​ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់

6. តែ​នាង​បាន​នាំ​យក​អ្នក​ទាំង​២​នោះ​ឡើង​ទៅ​ឯ​លើ​ដំបូល​ផ្ទះ​វិញ ហើយ​លាក់​ទុក​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល​នោះ

7. ដូច្នេះ​គេ​ក៏​ដេញ​តាម​រក​អ្នក​ទាំង​២​តាម​ផ្លូវ​ទៅ​ឯ​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង កាល​ពួក​អ្នក​ដែល​ដេញ​តាម បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ក៏​បិទ​ទ្វារ​ក្រុង។

8. រួច​កាល​អ្នក​ទាំង​២​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​នាង​ក៏​ឡើង​ទៅ​ឯ​គេ​នៅ​លើ​ដំបូល

9. និយាយ​ថា ខ្ញុំ​ដឹង​ថា​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ ដល់​អ្នក​រាល់​គ្នា​ហើយ ១​ទៀត​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អ្នក​រាល់​គ្នា បាន​ធ្លាក់​មក​លើ​យើង​ដែរ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន គេ​នឹង​រលាយ​បាត់​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ

10. ដ្បិត​យើង​បាន​ឮ​ពី​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា គឺ​ដល់​ស៊ីហុន ហើយ​នឹង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ

11. កាល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង

12. ដូច្នេះ ខ្ញុំ​សូម​អង្វរ​អ្នក សូម​ស្បថ​នឹង​ខ្ញុំ​ឥឡូវ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អ្នក​រាល់​គ្នា​នឹង​អាណិត​មេត្តា​ដល់​ពួក​គ្រួ​ឪពុក​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​អ្នក​ដែរ សូម​ប្រាប់​ទី​សំគាល់​ដ៏​ប្រាកដ​ច្បាស់​មក​ខ្ញុំ​ផង

យ៉ូស្វេ 2