5. រួចត្រូវឲ្យគេចែកស្រុកនោះជា៧ចំណែក ឯពួកយូដា ត្រូវឲ្យគេនៅជាប់ក្នុងដែនស្រុករបស់គេខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងដែនស្រុករបស់គេខាងជើង
6. នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
7. ឯពួកលេវីគេគ្មានចំណែកណានៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតការងារជាសង្ឃផងព្រះយេហូវ៉ា នោះជាមរដករបស់គេហើយ ឯពួកកាឌ់ ពួករូបេន និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះបានទទួលមរដក ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានចែកឲ្យគេនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ។
8. ពួកអ្នកនោះក៏រៀបចំចេញទៅ ដោយទទួលបង្គាប់យ៉ូស្វេ ដើម្បីទៅសរសេរកំណត់ស្រុក គឺលោកបង្គាប់ថា ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរកំណត់សំគាល់ រួចត្រឡប់មកឯអញវិញ នោះអញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ ត្រង់ស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា
9. ដូច្នេះអ្នកទាំងនោះក៏ចេញទៅដើរចុះឡើងក្នុងស្រុក ហើយបានសរសេរកំណត់ចែកជា៧ចំណែក តាមទីក្រុងស្រុកនោះ ព្រមទាំងកត់ចុះក្នុងសៀវភៅ រួចត្រឡប់មកឯយ៉ូស្វេ នៅទីដំឡើងត្រសាល ត្រង់ស៊ីឡូរវិញ
10. នោះយ៉ូស្វេក៏បោះឆ្នោត ឲ្យគ្រប់គ្នាចាប់ នៅត្រង់ស៊ីឡូរ ចំពោះព្រះយេហូវ៉ា ហើយនៅទីនោះយ៉ូស្វេក៏ចែកស្រុក ឲ្យពួកកូនចៅអ៊ីស្រាអែល តាមពួកគេដែរ។
11. គេចាប់ឆ្នោត ឲ្យពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេទាំងប៉ុន្មាន ហើយដែនស្រុករបស់គេនោះត្រូវជាកណ្តាលពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប
12. ឯព្រំខាងជើងរបស់ស្រុកគេ នោះចាប់តាំងពីទន្លេយ័រដាន់ឡើងទៅខាងជើងក្រុងយេរីខូរ ដំរង់ទៅខាងលិច តាមស្រុកភ្នំ រួចចេញមកត្រង់ទីរហោស្ថានបេត-អាវេន