1. នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ហើយដំឡើងត្រសាលជំនុំនៅទីនោះ ស្រុកនោះទាំងមូលក៏បានក្រាបចុះចូលនឹងគេ
2. តែក្នុងពួកកូនចៅអ៊ីស្រាអែល នៅមានពូជអំបូរ៧ ដែលមិនទាន់ចែកចំណែកមរដកគ្នានៅឡើយ
3. ដូច្នេះយ៉ូស្វេក៏តឿនដល់ពួកកូនចៅអ៊ីស្រាអែលថា តើឯងធ្វេសប្រហែស និងចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯង បានប្រទានមកឯងរាល់គ្នា ដល់កាលណាទៀត
4. ចូរដំរូវមនុស្ស៣នាក់ពីគ្រប់ទាំងពូជអំបូរមក នោះអញនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុក ដើម្បីនឹងសរសេរកំណត់តាមចំណែកមរដកគេគ្រប់គ្នា រួចត្រឡប់មកឯអញវិញ
5. រួចត្រូវឲ្យគេចែកស្រុកនោះជា៧ចំណែក ឯពួកយូដា ត្រូវឲ្យគេនៅជាប់ក្នុងដែនស្រុករបស់គេខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងដែនស្រុករបស់គេខាងជើង
6. នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
7. ឯពួកលេវីគេគ្មានចំណែកណានៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតការងារជាសង្ឃផងព្រះយេហូវ៉ា នោះជាមរដករបស់គេហើយ ឯពួកកាឌ់ ពួករូបេន និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះបានទទួលមរដក ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានចែកឲ្យគេនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ។
8. ពួកអ្នកនោះក៏រៀបចំចេញទៅ ដោយទទួលបង្គាប់យ៉ូស្វេ ដើម្បីទៅសរសេរកំណត់ស្រុក គឺលោកបង្គាប់ថា ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរកំណត់សំគាល់ រួចត្រឡប់មកឯអញវិញ នោះអញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ ត្រង់ស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា