8. ស្រុកតាពួរនោះជារបស់ផងពួកម៉ាន៉ាសេ តែក្រុងតាពួរ ដែលនៅព្រំស្រុកម៉ាន៉ាសេ ជារបស់ផងពួកកូនចៅអេប្រាអិមវិញ
9. ព្រំនោះក៏ចុះទៅដល់ស្ទឹងខាណា រួចទៅតាមខាងត្បូងស្ទឹងនោះ ទីក្រុងទាំងនោះដែលនៅក្នុងព្រំរបស់ម៉ាន៉ាសេ ជារបស់ផងពួកអេប្រាអិម តែព្រំស្រុកម៉ាន៉ាសេ គឺនៅខាងជើងស្ទឹងនោះវិញ រួចក៏ចុះទៅផុតត្រឹមសមុទ្រ
10. ឯស្រុកខាងត្បូង ជារបស់ផងអេប្រាអិម ហើយខាងជើងជារបស់ផងម៉ាន៉ាសេ មានសមុទ្រជាខាងចុងស្រុក ស្រុកគេក៏រហូតដល់អេស៊ើរខាងជើង ហើយរហូតដល់អ៊ីសាខារខាងកើត
11. ហើយពួកម៉ាន៉ាសេក៏មានទីក្រុងនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងតំបន់ជុំវិញ ក្រុងយីបលាម និងតំបន់ជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងតំបន់ជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងតំបន់ជុំវិញ ពួកអ្នកនៅក្រុងត្អាណាក និងតំបន់ជុំវិញ និងពួកអ្នកនៅក្រុងមេគីដោ និងតំបន់ជុំវិញ គឺអស់៣ស្រុក
12. ប៉ុន្តែ ពួកកូនចៅម៉ាន៉ាសេពុំអាចនឹងបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេផ្តាច់ចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
13. តែកាលពួកកូនចៅអ៊ីស្រាអែលបានមានកំឡាំងឡើង នោះក៏បង្ខំឲ្យពួកសាសន៍កាណាននោះធ្វើការបំរើខ្លួន ឥតបានបណ្តេញគេអស់រលីងទេ។
14. ពួកកូនចៅយ៉ូសែបក៏សួរយ៉ូស្វេថា ហេតុអ្វីបានជាលោកឲ្យយើងខ្ញុំចាប់ឆ្នោត មានចំណែកតែ១ ទុកជាមរដកដូច្នេះ ដ្បិតយើងខ្ញុំជាពួកធំណាស់ដែរ ដោយព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ តាំងពីដើមរៀងមក
15. រួចយ៉ូស្វេឆ្លើយតបថា បើឯងជាពួកធំមែន ហើយបើស្រុកភ្នំអេប្រាអិមនោះចង្អៀតពេកដល់ឯង នោះចូរឡើងទៅឯព្រៃរបស់សាសន៍ពេរិស៊ីត និងសាសន៍រេផែម កាប់ឆ្កាកន្លែងសំរាប់ឯងចុះ
16. តែពួកកូនចៅយ៉ូសែបប្រកែកថា ស្រុកភ្នំនេះមិនគ្រាន់ឲ្យយើងខ្ញុំនៅទេមែន ប៉ុន្តែពួកសាសន៍កាណានទាំងអស់ដែលនៅស្រុកវាល គេមានសុទ្ធតែរទេះដែរ ទោះទាំងពួកដែលនៅក្រុងបេត-សៀន ព្រមទាំងតំបន់នៅជុំវិញ និងពួកដែលនៅវាលច្រកភ្នំយេសរាលផង
17. នោះយ៉ូស្វេក៏និយាយទៅពួកវង្សយ៉ូសែប គឺនឹងពួកអេប្រាអិម ហើយនឹងពួកម៉ាន៉ាសេថា ឯងជាពួកធំពិត ហើយក៏មានកំឡាំងសន្ធឹកណាស់ដែរ មិនត្រូវឲ្យឯងមានចំណែកតែ១ដូច្នេះទេ
18. ប៉ុន្តែស្រុកភ្នំនោះជារបស់ផងឯងហើយ ទោះបើសុទ្ធតែព្រៃក៏ដោយ គង់តែឯងនឹងកាប់ឆ្កាបាន ហើយឯងនឹងបានផលទាំងប៉ុន្មានពីព្រៃនោះផង ដ្បិតទោះបើពួកសាសន៍កាណានមានរទេះដែក និងកំឡាំងក៏ដោយ គង់តែឯងនឹងអាចបណ្តេញគេចេញបាន។