1. នេះជាចំណែកដែលគេបានចែកដល់ពូជអំបូរម៉ាន៉ាសេ ដ្បិតគាត់ជាកូនច្បងរបស់យ៉ូសែប ឯម៉ាគារ ជាកូនច្បងរបស់ម៉ាន៉ាសេ ហើយជាឪពុករបស់កាឡាត គាត់បានស្រុកកាឡាត និងស្រុកបាសាន ដោយព្រោះគាត់ជាអ្នកថ្នឹកច្បាំង
2. រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាន៉ាសេឯទៀត តាមគ្រួគេទាំងប៉ុន្មាន នោះគឺចែកឲ្យពួកកូនចៅអ័បៀស៊ើរ ពួកកូនចៅហេលេក ពួកកូនចៅអាសរាល ពួកកូនចៅស៊ីគែម ពួកកូនចៅហេភើរ និងពួកកូនចៅសេមីដា នោះសុទ្ធតែជាកូនចៅប្រុសៗរបស់ម៉ាន៉ាសេ ដែលជាកូនយ៉ូសែប តាមជំនួរវង្ស
3. ឯស្លូផិហាត ជាកូនហេភើរ ដែលហេភើរជាកូនកាឡាតៗ ជាកូនម៉ាគារ ម៉ាគារ ជាកូនម៉ាន៉ាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ឈ្មោះរបស់កូនស្រីទាំងប៉ុន្មាននោះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
4. នាងទាំងនោះក៏មកឯអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេជាកូននុន ហើយនឹងពួកអ្នកជាកំពូលទាំងប៉ុន្មានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ឲ្យចែកមរដកមកយើងខ្ញុំ នៅកណ្តាលពួកបងប្អូនយើងខ្ញុំដែរ ដូច្នេះលោកក៏ចែកមរដកឲ្យគេ គឺនៅកណ្តាលពួកបងប្អូនឪពុកគេ តាមបង្គាប់ព្រះយេហូវ៉ា
5. មាន១០ចំណែកដែលត្រូវបានដល់ពួកម៉ាន៉ាសេ ក្រៅពីស្រុកកាឡាត និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់