យ៉ូស្វេ 15:6-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ឡើង​ទៅ​ដល់​បេត-ហុកឡា ដំរង់​ទៅ​ខាង​ជើង​បេត-អើ‌រ៉ាបា រួច​ក៏​ឡើង​ទៅ​ដល់​ថ្មដា​របស់​បូហាន​ជា​កូន​រូបេន

7. ហើយ​ចេញ​ពី​ច្រក​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ឯ​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​អាឌូមីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ក៏​ទៅ​តាម​ក្បាល​ទឹក​អេន-សេមែស រួច​ចេញ​មក​ត្រង់​អេន-រ៉ូកេល

8. ពី​ទី​នោះ​ក៏​ឡើង​តាម​ច្រក​ភ្នំ​បេន-ហ៊ីនណំម ខាង​ត្បូង​ក្រុង​យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​នឹង​ច្រក​ភ្នំ​ហ៊ីនណំម គឺ​ជា​ចុង​ច្រក​ភ្នំ​ខាង​ជើង​របស់​ពួក​រេផែម

9. ពី​កំពូល​ភ្នំ​នោះ ក៏​ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែប‌ត្វា ដំរង់​ទៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ភ្នំ​អេប្រុន រហូត​ដល់​បាឡា គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម

10. ពី​ឡាបា ក៏​បត់​ទៅ​ខាង​លិច​ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ចង្កេះ​ខាង​ជើង​នៃ​ភ្នំ​យារីម គឺ​ជា​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេត-សេមែស​រហូត​ដល់​ធីមណា

11. ពី​ទី​នោះ​ក៏​ចេញ​ទៅ​ខាង​ជើង​ក្រុង​អេក្រុន​ដល់​ស៊ីក្រុន ហើយ​តាម​ភ្នំ​បាឡា​ទៅ​ដល់​យ៉ាបនាល រួច​ផុត​ត្រឹម​សមុទ្រ

12. ឯ​ព្រំ​ប្រទល់​ខាង​លិច នោះ​គឺ​តាម​ឆ្នេរ​របស់​សមុទ្រ​ធំ នេះ​ហើយ​ជា​ព្រំ​ស្រុក​នៅ​ព័ទ្ធ​ជុំវិញ​របស់​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

13. យ៉ូស្វេ​ក៏​ចែក​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ មាន​១​ចំណែក ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (ឯ​អើបា​នោះ​ជា​ឪពុក​អ័ណាក់)

14. កាលែប​ក៏​បណ្តេញ​កូន​របស់​អ័ណាក់​៣​នាក់​ចេញ គឺ​សេសាយ​១ អ័ហ៊ីម៉ាន​១ និង​តាល‌ម៉ាយ​១ សុទ្ធ​តែ​ជា​កូន​អ័ណាក់

15. ពី​ទី​នោះ​គាត់​ក៏​ឡើង​ទៅ ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ កាល​ពី​ដើម​មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-សេភើរ

16. កាលែប​ក៏​សន្យា​ថា បើ​អ្នក​ណា​នឹង​វាយ​យក​គារ‌យ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ

17. ដូច្នេះ​អូធ្នាល ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូន​កាលែប គាត់​ក៏​វាយ​យក​បាន នោះ​កាលែប​ក៏​ឲ្យ​នាង​អាកសា ជា​កូន​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ

18. កាល​នាង​បាន​មក​ដល់​គាត់​ហើយ នោះ​ក៏​បបួល​ឲ្យ​សូម​ដី​ពី​ឪពុក​នាង ដូច្នេះ​នាង​ចុះ​ពី​លើ​សត្វ​ជំនិះ កាលែប​ក៏​សួរ​ថា ហេតុ​អ្វី​ហ្នឹង

19. នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ឲ្យ​ខ្ញុំ​១​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ នោះ​គាត់​ក៏​ឲ្យ​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។

20. នេះ​ជា​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

21. ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ដែន​របស់​អេដំម នោះ​គឺ​កាប‌សៀល​១ អេឌើរ​១ យ៉ាគើរ​១

យ៉ូស្វេ 15