13. យ៉ូស្វេក៏ចែកឲ្យដល់កាលែប ជាកូនយេភូនេ មាន១ចំណែក ជាមួយនឹងពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (ឯអើបានោះជាឪពុកអ័ណាក់)
14. កាលែបក៏បណ្តេញកូនរបស់អ័ណាក់៣នាក់ចេញ គឺសេសាយ១ អ័ហ៊ីម៉ាន១ និងតាលម៉ាយ១ សុទ្ធតែជាកូនអ័ណាក់
15. ពីទីនោះគាត់ក៏ឡើងទៅ ទាស់នឹងពួកអ្នកស្រុកដេបៀរ រីឯក្រុងដេបៀរនោះ កាលពីដើមមានឈ្មោះជាគារយ៉ាត់-សេភើរ
16. កាលែបក៏សន្យាថា បើអ្នកណានឹងវាយយកគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ទៅធ្វើជាប្រពន្ធអ្នកនោះ
17. ដូច្នេះអូធ្នាល ជាកូនកេណាស ដែលកេណាសជាប្អូនកាលែប គាត់ក៏វាយយកបាន នោះកាលែបក៏ឲ្យនាងអាកសា ជាកូនខ្លួន ទៅធ្វើជាប្រពន្ធគាត់ទៅ
18. កាលនាងបានមកដល់គាត់ហើយ នោះក៏បបួលឲ្យសូមដីពីឪពុកនាង ដូច្នេះនាងចុះពីលើសត្វជំនិះ កាលែបក៏សួរថា ហេតុអ្វីហ្នឹង
19. នាងឆ្លើយថា សូមលោកឪពុកចែកឲ្យខ្ញុំ១ចំណែកផង ដ្បិតលោកឪពុកបានឲ្យខ្ញុំមានដីខាងត្បូងហើយ ដូច្នេះសូមឲ្យខ្ញុំមានក្បាលទឹកដែរ នោះគាត់ក៏ឲ្យក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
20. នេះជាមរដករបស់ពូជអំបូរ នៃពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន
21. ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១
22. គីណា១ ឌីម៉ូណា១ អាដាដា១
23. កេដេស១ ហាសោរ១ អ៊ីថ្នាន១
24. ស៊ីភ១ ថេលែម១ ប្អាឡូត១
25. ហាសោរ-ហាដាថា១ កេរីយ៉ុត-ហេស្រុន គឺជាក្រុងហាសោរ១
26. អាម៉ាម១ សេម៉ា១ ម៉ូឡាដា១
27. ហាសា-កាដា១ ហែសម៉ូន១ បេត-ផាលែត១