1. ឯចំណែក ដែលបានចែកដល់ពូជអំបូរនៃពួកកូនចៅយូដាតាមគ្រួគេទាំងប៉ុន្មាន នោះគឺខាងត្បូងទល់នឹងព្រំស្រុកអេដំម ហើយនឹងទីរហោស្ថានស៊ីនខាងត្បូងបំផុត
2. ព្រំដែនគេខាងត្បូង នោះចាប់តាំងពីចុងឈូងសមុទ្រអំបិលដែលបែរទៅខាងត្បូង
3. ដំរង់ទៅខាងត្បូង រួចឡើងតាមច្រកភ្នំអាក្រាប៊ីមទៅតាមស៊ីន ហើយចេញមកខាងត្បូងកាដេស-បារនា ដំរង់ទៅដល់ហេស្រុន ហើយឡើងទៅឯអាដារ រួចបត់មកដល់ការកា
4. ពីនោះទៅក៏ដល់អាសម៉ូន រួចចេញទៅ តាមស្ទឹងស្រុកអេស៊ីព្ទ ផុតត្រឹមសមុទ្រ នេះហើយជាព្រំដែនរបស់ឯងរាល់គ្នានៅខាងត្បូង។
5. ឯព្រំប្រទល់ខាងកើត នោះគឺជាសមុទ្រអំបិលរហូតដល់ចុងទន្លេយ័រដាន់ ហើយព្រំប្រទល់ខាងជើង នោះចេញពីឈូងសមុទ្រដែលនៅចុងទន្លេយ័រដាន់
6. ឡើងទៅដល់បេត-ហុកឡា ដំរង់ទៅខាងជើងបេត-អើរ៉ាបា រួចក៏ឡើងទៅដល់ថ្មដារបស់បូហានជាកូនរូបេន
7. ហើយចេញពីច្រកភ្នំអាកោរ ឡើងទៅដល់ដេបៀរ រួចកាត់ត្រង់ទៅឯជើង ខាងគីលកាល ដែលទល់មុខនឹងផ្លូវដែលឡើងទៅឯអាឌូមីម នៅខាងត្បូងស្ទឹង ហើយក៏ទៅតាមក្បាលទឹកអេន-សេមែស រួចចេញមកត្រង់អេន-រ៉ូកេល
8. ពីទីនោះក៏ឡើងតាមច្រកភ្នំបេន-ហ៊ីនណំម ខាងត្បូងក្រុងយេប៊ូស គឺជាក្រុងយេរូសាឡិម រួចឡើងទៅដល់កំពូលភ្នំដែលនៅខាងលិច ទល់មុខនឹងច្រកភ្នំហ៊ីនណំម គឺជាចុងច្រកភ្នំខាងជើងរបស់ពួករេផែម
9. ពីកំពូលភ្នំនោះ ក៏ចុះទៅដល់ក្បាលទឹកណែបត្វា ដំរង់ទៅតាមទីក្រុងទាំងប៉ុន្មាន នៅភ្នំអេប្រុន រហូតដល់បាឡា គឺជាក្រុងគារយ៉ាត់-យារីម
10. ពីឡាបា ក៏បត់ទៅខាងលិចទៅដល់ភ្នំសៀរ រួចកាត់ទៅតាមចង្កេះខាងជើងនៃភ្នំយារីម គឺជាកេសាឡូន ហើយចុះទៅដល់បេត-សេមែសរហូតដល់ធីមណា
11. ពីទីនោះក៏ចេញទៅខាងជើងក្រុងអេក្រុនដល់ស៊ីក្រុន ហើយតាមភ្នំបាឡាទៅដល់យ៉ាបនាល រួចផុតត្រឹមសមុទ្រ
12. ឯព្រំប្រទល់ខាងលិច នោះគឺតាមឆ្នេររបស់សមុទ្រធំ នេះហើយជាព្រំស្រុកនៅព័ទ្ធជុំវិញរបស់ពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន។
13. យ៉ូស្វេក៏ចែកឲ្យដល់កាលែប ជាកូនយេភូនេ មាន១ចំណែក ជាមួយនឹងពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (ឯអើបានោះជាឪពុកអ័ណាក់)