យ៉ូស្វេ 13:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​នឹង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ

4. ព្រម​ទាំង​ស្រុក​របស់​សាសន៍​កាណាន​ទាំង​មូល និង​ស្រុក​មារ៉ា ដែល​ជា​របស់​ផង​ក្រុង​ស៊ីដូន​រហូត​ដល់​អាផែក និង​ដល់​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី

5. ស្រុក​របស់​ពួក​កេបាល និង​ស្រុក​ល្បាណូន​ទាំង​មូល​ដែល​នៅ​ខាង​កើត ចាប់​តាំង​ពី​បាល-កាឌ់​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត

6. អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ​នឹង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រា‌អែល ទុក​ជា​មរដក​ចុះ​ដូច​ជា​អញ​បាន​បង្គាប់​ហើយ

7. គឺ​ត្រូវ​ឲ្យ​ចែក​ស្រុក​ទាំង​នោះ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​មរដក។

8. ឯ​ពួក​រូបេន និង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ចែក​ដល់​គេ

9. ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ គឺ​ស្រុក​វាល​មេឌីបា​ទាំង​អស់​រហូត​ដល់​ក្រុង​ឌីបូន

10. និង​អស់​ទាំង​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែសបូន រហូត​ដល់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន

11. និង​ស្រុក​កាឡាត ហើយ​ព្រំ‌ដែន​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ស្រុក​ភ្នំ​ហ៊ើម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា

12. គឺ​នគរ​របស់​អុក នៅ​ស្រុក​បាសាន ដែល​សោយ‌រាជ្យ​នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី (ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម) ដ្បិត​ម៉ូសេ​បាន​វាយ បណ្តេញ​ពួក​ទាំង​នោះ​ចេញ

13. តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​ដេញ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​នោះ បាន​នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល ដរាប​ដែល​សព្វ​ថ្ងៃ​នេះ

14. មាន​តែ​ពូជ​អំបូរ​លេវី​ប៉ុណ្ណោះ​ទេ ដែល​លោក​មិន​បាន​ចែក​មរដក​ឲ្យ​គេ ដ្បិត​អស់​ទាំង​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។

15. លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​រូបេន​តាម​គ្រួ​គេ

យ៉ូស្វេ 13