យ៉ូស្វេ 13:14-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. មាន​តែ​ពូជ​អំបូរ​លេវី​ប៉ុណ្ណោះ​ទេ ដែល​លោក​មិន​បាន​ចែក​មរដក​ឲ្យ​គេ ដ្បិត​អស់​ទាំង​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។

15. លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​រូបេន​តាម​គ្រួ​គេ

16. ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា

17. គឺ​ក្រុង​ហែសបូន និង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន

18. ក្រុង​យ៉ាហាស់ ក្រុង​ក្តេម៉ូត ក្រុង​មេផ្អាត

19. ក្រុង​គារ‌យ៉ា‌ថែម ក្រុង​សិបម៉ា ក្រុង​សេរ៉ែត-ហាសាកា​ដែល​នៅ​លើ​ភ្នំ​ក្នុង​វាល​ច្រក​ភ្នំ

20. ក្រុង​បេត-ពេអរ និង​ជំរាល​ភ្នំ​ពីសកា ហើយ​ក្រុង​បេត-យេស៊ីម៉ូត

21. ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល និង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សំឡាប់​ជា​មួយ​នឹង​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី​១ រេគេម​១ ស៊ើរ​១ ហ៊ើរ១ និង​រេបា​១ សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ

22. ឯ​បាឡាម ជា​កូន​បេអ៊រ​ដែល​ជា​គ្រូ​ទាយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សំឡាប់​ដោយ​ដាវ ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ស្លាប់​នោះ​ដែរ

23. ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មរដក​របស់​រូបេន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

24. លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​កាឌ់​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ

25. ឯ​ដែន​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាត និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​១​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​នឹង​ក្រុង​រ៉ាបាត

26. ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេថូនិម ហើយ​ពី​ម៉ាហា‌ណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ

យ៉ូស្វេ 13