1. រីឯយ៉ូស្វេ លោកចាស់ អាយុក៏ច្រើនណាស់ហើយ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងលោកថា ឯងចាស់ហើយ អាយុក៏ច្រើនណាស់ផង ហើយមានសល់នៅស្រុក ដែលត្រូវចាប់យកសន្ធឹកណាស់ទៀត
2. នេះជាស្រុកដែលនៅសល់ គឺដែននៃពួកសាសន៍ភីលីស្ទីនទាំងប៉ុន្មាន និងស្រុករបស់សាសន៍កេស៊ូរីទាំងអស់
3. ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ
4. ព្រមទាំងស្រុករបស់សាសន៍កាណានទាំងមូល និងស្រុកមារ៉ា ដែលជារបស់ផងក្រុងស៊ីដូនរហូតដល់អាផែក និងដល់ព្រំស្រុករបស់សាសន៍អាម៉ូរី
5. ស្រុករបស់ពួកកេបាល និងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត
6. អស់ទាំងស្រុករបស់ពួកផ្សេងៗដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់មីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកក្រុងស៊ីដូនទាំងអស់ អញនឹងដេញពួកសាសន៍ទាំងនោះចេញពីមុខពួកកូនចៅអ៊ីស្រាអែលទៅ ចូរឲ្យឯងចែកស្រុកទាំងនោះដល់ពួកអ៊ីស្រាអែល ទុកជាមរដកចុះដូចជាអញបានបង្គាប់ហើយ
7. គឺត្រូវឲ្យចែកស្រុកទាំងនោះដល់ពូជអំបូរទាំង៩ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាមរដក។
8. ឯពួករូបេន និងពួកកាឌ់ ព្រមទាំងពូជអំបូរម៉ាន៉ាសេ១ចំហៀងឯទៀត នោះបានទទួលមរដករបស់គេ ដែលម៉ូសេបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានចែកដល់គេ
9. ចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ គឺស្រុកវាលមេឌីបាទាំងអស់រហូតដល់ក្រុងឌីបូន
10. និងអស់ទាំងទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំស្រុករបស់ពួកកូនចៅអាំម៉ូន