1. កាលយ៉ាប៊ីន ជាស្តេចក្រុងហាសោរ បានឮពីការទាំងនោះហើយ នោះក៏ចាត់សារទៅឯយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន និងស្តេចក្រុងស៊ីមរ៉ុន ស្តេចក្រុងអាកសាប
2. ហើយនឹងពួកស្តេចដែលនៅខាងជើង គឺក្នុងស្រុកភ្នំ នៅស្រុកវាល ជាខាងត្បូងសមុទ្រគេនេសារ៉ែត នៅស្រុកទំនាប ហើយនៅស្រុកទំនួលនៃក្រុងដោរខាងលិច
3. ទៅឯសាសន៍កាណាន ដែលនៅខាងកើត ខាងលិច និងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត ហើយសាសន៍យេប៊ូសដែលនៅស្រុកភ្នំ ហើយនឹងសាសន៍ហេវីនៅស្រុកមីសប៉ា នាជើងភ្នំហ៊ើម៉ូន
4. គេក៏នាំពួកពលរបស់គេទាំងប៉ុន្មានចេញមក មានគ្នាសន្ធឹកដូចជាខ្សាច់នៅមាត់សមុទ្រ មានទាំងសេះ និងរទេះចំបាំងជាច្រើនណាស់
5. ស្តេចទាំងនោះក៏មូលគ្នាមកបោះទ័ព នៅត្រង់ទឹកមេរ៉ុម ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល។
6. ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតថ្ងៃស្អែក វេលាថ្មើរណេះ អញនឹងប្រគល់គេឲ្យស្លាប់ទាំងអស់ នៅមុខអ៊ីស្រាអែល ត្រូវឲ្យកាប់សរសៃកជើងសេះគេ ហើយដុតរទេះចំបាំងដោយភ្លើងផង
7. ដូច្នេះយ៉ូស្វេ និងពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ក៏ទៅទាស់នឹងគេ ត្រង់ទឹកមេរ៉ុម ឥតគេដឹងខ្លួនសោះ ហើយស្ទុះចូលទៅលើគេ
8. ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលបានវាយគេ ហើយដេញតាម រហូតទៅដល់ក្រុងស៊ីដូនដ៏ជាក្រុងធំ និងដល់ក្រុងមីសរិផូត-ម៉ែម ហើយនឹងដល់វាលច្រកភ្នំមីសប៉ាខាងកើត គឺវាយគេទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ
9. យ៉ូស្វេបានប្រព្រឹត្តនឹងគេ ដូចជាព្រះយេហូវ៉ា ទ្រង់បានបង្គាប់មក គឺបានកាប់សរសៃកជើងសេះ ព្រមទាំងដុតរទេះចំបាំងរបស់គេផង។
10. គ្រានោះ យ៉ូស្វេក៏បត់មកចាប់យកក្រុងហាសោរ ហើយកាប់ស្តេចគេដោយដាវ ឯក្រុងហាសោរនេះ ពីដើមជាក្រុងធំ ត្រួតលើនគរទាំងនោះ
11. ពួកអ៊ីស្រាអែលក៏កាប់ពួកអ្នកដែលនៅក្នុងក្រុងនោះ ដោយមុខដាវ ព្រមទាំងបំផ្លាញគេអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយដុតទីក្រុងហាសោរនោះចោលដែរ
12. ឯទីក្រុងរបស់ស្តេចទាំងនោះ ព្រមទាំងស្តេចគេផង នោះយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកកាប់គេដោយមុខដាវ ទាំងបំផ្លាញគេអស់រលីង ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មក