7. ដូច្នេះ យ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកខ្លាំងពូកែស្ទាត់ជំនាញ ទៅជាមួយផង
8. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ
9. យ៉ូស្វេក៏ឡើងពីគីលកាលទៅអស់១យប់ ស្រាប់តែមកដល់ភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន
10. ព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកកូនចៅអ៊ីស្រាអែល ហើយលោកបានសំឡាប់គេនៅជិតក្រុងគីបៀន ដោយការប្រហារជីវិតយ៉ាងសំបើម ក៏ដេញគេតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា ហើយដល់ម៉ាកេដាផង
11. កំពុងដែលគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ នោះព្រះយេហូវ៉ាទ្រង់ក៏ទំលាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រិល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវទៅទៀត។
12. រីឯនៅថ្ងៃដែលព្រះយេហូវ៉ា ទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ
13. នោះថ្ងៃក៏ឈប់ទ្រឹង ហើយខែក៏នឹងនៅទាល់តែពួកគេបានសងសឹកនឹងពួកខ្មាំងសត្រូវហើយ ការនោះបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរហើយ ថ្ងៃក៏ឈប់នឹងនៅកណ្តាលមេឃ ហើយមិនបានចុះ ដោយឆាប់រហ័សអស់ពេញ១ថ្ងៃ
14. មិនដែលមានថ្ងៃណាដូចថ្ងៃនោះ ទោះមុខឬក្រោយ ដែលព្រះយេហូវ៉ាទ្រង់បានស្តាប់តាមមនុស្សដូច្នេះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល
15. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។
16. ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា
17. ហើយមានគេមកជំរាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា
18. រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ