28. នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សំឡាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ និងអស់អ្នក ដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
29. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងម៉ាកេដាទៅដល់លិបណា ច្បាំងនឹងក្រុងនោះ
30. ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ និងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
31. លំដាប់នោះ យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីលិបណាទៅដល់ឡាគីស បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ
32. ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងឡាគីស មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកចាប់យកបាននៅថ្ងៃទី២ រួចកាប់គេដោយមុខដាវ គឺអស់អ្នកដែលនៅក្នុងក្រុងនោះទាំងប៉ុន្មាន តាមគ្រប់ទាំងការ ដែលបានធ្វើដល់ក្រុងលិបណា
33. នោះហោរ៉ាម ជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីសតែយ៉ូស្វេលោកវាយស្តេចនោះ និងពួករាស្ត្រទ្រង់ទាំងអស់ទៅ ទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ។
34. រួចមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងឡាគីសទៅដល់អេក្លុន បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ
35. ក៏ចាប់យកបាននៅថ្ងៃនោះឯង រួចកាប់គេដោយមុខដាវ ព្រមទាំងបំផ្លាញពួកអ្នកដែលនៅក្រុងនោះអស់រលីងក្នុងថ្ងៃនោះ ដូចជាបានធ្វើដល់ក្រុងឡាគីសដែរ។
36. តមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត
37. ហើយចាប់យកក្រុងនោះបាន រួចកាប់គេដោយមុខដាវ ព្រមទាំងស្តេច និងអស់ទាំងតំបន់គេ ហើយអស់អ្នកដែលនៅក្រុងនោះផង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ តាមគ្រប់ទាំងការ ដែលលោកបានធ្វើដល់ក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ និងពួកអ្នកទាំងប៉ុន្មាន ដែលនៅក្នុងក្រុងអស់រលីង។