11. កំពុងដែលគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ នោះព្រះយេហូវ៉ាទ្រង់ក៏ទំលាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រិល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវទៅទៀត។
12. រីឯនៅថ្ងៃដែលព្រះយេហូវ៉ា ទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ
13. នោះថ្ងៃក៏ឈប់ទ្រឹង ហើយខែក៏នឹងនៅទាល់តែពួកគេបានសងសឹកនឹងពួកខ្មាំងសត្រូវហើយ ការនោះបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរហើយ ថ្ងៃក៏ឈប់នឹងនៅកណ្តាលមេឃ ហើយមិនបានចុះ ដោយឆាប់រហ័សអស់ពេញ១ថ្ងៃ
14. មិនដែលមានថ្ងៃណាដូចថ្ងៃនោះ ទោះមុខឬក្រោយ ដែលព្រះយេហូវ៉ាទ្រង់បានស្តាប់តាមមនុស្សដូច្នេះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល
15. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។
16. ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា
17. ហើយមានគេមកជំរាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា
18. រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ
19. តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
20. លុះយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ
21. នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។
22. រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ
23. គេក៏នាំស្តេចទាំង៥នោះ ចេញពីរអាងមកឯលោក គឺជាស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១