1. រីឯអ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម កាលឮថា យ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់រលីង គឺបានប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចគេ ដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចគេដែរ ហើយថា ពួកក្រុងគីបៀនបានចងស្ពានមេត្រីនឹងពួកសាសន៍អ៊ីស្រាអែល ក៏នៅជាមួយគ្នាផង
2. នោះគេកើតមានសេចក្ដីភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀននោះជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ ក៏ធំជាងក្រុងអៃយទៅទៀត ហើយពួកមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែផង
3. ដូច្នេះ អ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម ក៏ចាត់សារឲ្យទៅឯហូហាំ ជាស្តេចនៃក្រុងហេប្រុន និងពារ៉ាម ជាស្តេចក្រុងយ៉ារមុត យ៉ាភា ជាស្តេចក្រុងឡាគីស ហើយដេបៀរ ជាស្តេចក្រុងអេក្លុនថា
4. សូមឡើងមកជួយខ្ញុំផង យើងរាល់គ្នានឹងវាយគីបៀន ដ្បិតគេបានចងស្ពានមេត្រីនឹងយ៉ូស្វេ ហើយនឹងពួកកូនចៅអ៊ីស្រាអែលហើយ
5. ដូច្នេះស្តេចសាសន៍អាម៉ូរីទាំង៥អង្គ គឺស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១ ក៏ប្រមូលគ្នានាំទាំងពួកពលទ័ពគេទាំងអស់ ឡើងទៅបោះទ័ពច្បាំងនឹងក្រុងគីបៀន។
6. នោះពួកក្រុងគីបៀនក៏ចាត់គេមកឯយ៉ូស្វេ នៅទីដំឡើងត្រសាលត្រង់គីលកាល ជំរាបថា សូមកុំបង្អង់ដល់ពួកអ្នកបំរើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ ដែលនៅស្រុកភ្នំ គេបានប្រមូលគ្នាមកទាស់នឹងយើងខ្ញុំហើយ
7. ដូច្នេះ យ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកខ្លាំងពូកែស្ទាត់ជំនាញ ទៅជាមួយផង
8. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ
9. យ៉ូស្វេក៏ឡើងពីគីលកាលទៅអស់១យប់ ស្រាប់តែមកដល់ភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន
10. ព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកកូនចៅអ៊ីស្រាអែល ហើយលោកបានសំឡាប់គេនៅជិតក្រុងគីបៀន ដោយការប្រហារជីវិតយ៉ាងសំបើម ក៏ដេញគេតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា ហើយដល់ម៉ាកេដាផង
11. កំពុងដែលគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ នោះព្រះយេហូវ៉ាទ្រង់ក៏ទំលាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រិល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវទៅទៀត។
12. រីឯនៅថ្ងៃដែលព្រះយេហូវ៉ា ទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ
13. នោះថ្ងៃក៏ឈប់ទ្រឹង ហើយខែក៏នឹងនៅទាល់តែពួកគេបានសងសឹកនឹងពួកខ្មាំងសត្រូវហើយ ការនោះបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរហើយ ថ្ងៃក៏ឈប់នឹងនៅកណ្តាលមេឃ ហើយមិនបានចុះ ដោយឆាប់រហ័សអស់ពេញ១ថ្ងៃ
14. មិនដែលមានថ្ងៃណាដូចថ្ងៃនោះ ទោះមុខឬក្រោយ ដែលព្រះយេហូវ៉ាទ្រង់បានស្តាប់តាមមនុស្សដូច្នេះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល
15. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។
16. ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា