1. នោះយ៉ូបលោកឆ្លើយឡើងថា
2. ឱបើសេចក្តីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់នៅជញ្ជីង ជាមួយនឹងសេចក្តីទុក្ខលំបាករបស់ខ្ញុំទៅអេះ
3. នោះនឹងបានធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ
4. ពីព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះទៅ អស់ទាំងសេចក្តីស្ញែងខ្លាចរបស់ព្រះបានដំរៀបគ្នាទាស់នឹងខ្ញុំហើយ
5. បើលាព្រៃមានស្មៅស៊ីតើវាស្រែកដែរឬ តើគោរោទ៍កំពុងដែលស៊ីចំបើងឬ
6. ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពងមានរសឬទេ
7. សេចក្តីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។
8. ឱបើសិនជាខ្ញុំនឹងបានដូចសេចក្តីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តទៅអេះ
9. គឺឲ្យព្រះបានសព្វព្រះហឫទ័យនឹងកិនកំទេចខ្ញុំទៅ ហើយគ្រវីព្រះហស្តទ្រង់ ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ
10. យ៉ាងនោះខ្ញុំនឹងនៅមានសេចក្តីរដោះទុក្ខ ខ្ញុំនឹងមានសេចក្តីរីករាយក្នុងសេចក្តីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ពីព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ
11. តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់
12. តើកំឡាំងខ្ញុំជាកំឡាំងនៃថ្មឬអី ឯសាច់ខ្ញុំ តើជាលង្ហិនដែរឬ
13. នេះតើមិនមែនដោយព្រោះគ្មានទីពឹងក្នុងខ្លួនខ្ញុំទេឬ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរឬ។
14. ឯអ្នកណាដែលកំពុងតែរងទុក្ខវេទនា នោះគួរឲ្យមិត្រសំឡាញ់ខ្លួនសំដែងសេចក្តីអាណិតអាសូរដែរ ទោះបើជាអ្នកដែលលែងកោតខ្លាច ដល់ព្រះដ៏មានគ្រប់ព្រះចេស្តាក៏ដោយ
15. ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្តដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ