1. អេលីផាស ជាសាសន៍ថេម៉ាន គាត់ឆ្លើយតបថា
2. បើសិនជាយើងស៊កឆ្លើយនឹងអ្នក នោះតើអ្នកនឹងអន់ចិត្តឬទេ តែតើអ្នកឯណានឹងទ្រាំមិននិយាយបាន
3. មើលអ្នកបានទូន្មានប្រដៅដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកំឡាំងឡើង
4. ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចំរើនកំឡាំងដល់ជង្គង់ខ្សោយ
5. តែឥឡូវនេះ សេចក្តីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ពាល់ប៉ះនឹងអ្នក ហើយអ្នកមានសេចក្តីស្រយុតចុះ
6. ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី
7. ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ
8. តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្តីទុច្ចរិតឡើង ហើយសាបព្រោះសេចក្តីកំណាចចុះ គេរមែងច្រូតបានសេចក្តីនោះឯងវិញ
9. គេត្រូវវិនាសទៅ ដោយអស្សាសៈរបស់ព្រះ ហើយខ្យល់ចំហួលនៃសេចក្តីក្រោធរបស់ទ្រង់ក៏បញ្ឆេះគេអស់ទៅ