យ៉ូប 4:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អេលី‌ផាស ជា​សាសន៍​ថេម៉ាន គាត់​ឆ្លើយ​តប​ថា

2. បើ​សិន​ជា​យើង​ស៊ក​ឆ្លើយ​នឹង​អ្នក នោះ​តើ​អ្នក​នឹង​អន់​ចិត្ត​ឬ​ទេ តែ​តើ​អ្នក​ឯ​ណា​នឹង​ទ្រាំ​មិន​និយាយ​បាន

3. មើល​អ្នក​បាន​ទូន្មាន​ប្រដៅ​ដល់​មនុស្ស​ជា​ច្រើន ក៏​បាន​ធ្វើ​ឲ្យ​ដៃ​ខ្សោយ​មាន​កំឡាំង​ឡើង

4. ពាក្យ​សំដី​របស់​អ្នក​បាន​ទប់‌ទល់​ពួក​អ្នក ដែល​កំពុង​តែ​ដួល ហើយ​អ្នក​បាន​ចំរើន​កំឡាំង​ដល់​ជង្គង់​ខ្សោយ

5. តែ​ឥឡូវ​នេះ សេចក្តី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ពាល់​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​សេចក្តី​ស្រយុត​ចុះ

6. ដែល​អ្នក​កោត‌ខ្លាច​ដល់​ព្រះ នោះ​តើ​មិន​មែន​ជា​ទី​អាង​របស់​អ្នក ហើយ​ដែល​ផ្លូវ​ប្រព្រឹត្ត​របស់​អ្នក​សុទ្ធ​តែ​ទៀង​ត្រង់ នោះ​តើ​មិន​មែន​ជា​ទី​សង្ឃឹម​ដល់​អ្នក​ទេ​ឬ​អី

7. ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ

8. តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក​ដែល​ភ្ជួរ​បំផុល​សេចក្តី​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្តី​កំណាច​ចុះ គេ​រមែង​ច្រូត​បាន​សេចក្តី​នោះ​ឯង​វិញ

9. គេ​ត្រូវ​វិនាស​ទៅ ដោយ​អស្សាសៈ​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់​ក៏​បញ្ឆេះ​គេ​អស់​ទៅ

10. ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង​របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់

11. ឯ​សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​មេ​សិង្ហ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ។

12. រីឯ​មាន​សេចក្តី​១​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សំងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ

13. នៅ​វេលា​ដែល​ការ​ជាក់​ស្តែង កំពុង​តែ​បណ្តាល​ឲ្យ​គំនិត​កំរើក​ឡើង នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​កំពុង​ដេក​លក់​ស៊ប់

14. នោះ​សេចក្តី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង

15. រួច​មាន​វិញ្ញាណ​១​កាត់​មុខ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ព្រឺ​រោម​ឡើង

យ៉ូប 4