យ៉ូប 39:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តើ​ឯង​ដឹង​ជា​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សំរាល​កូន ឬ​នឹង​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទំលាក់​កូន​ឬ​ទេ

2. តើ​ឯង​នឹង​កំណត់​ដឹង​ជា​វា​ត្រូវ​មាន​ទំងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ

3. វា​ចំកោង​ខ្លួន​សំរាល​កូន​មក រួច​ផុត​ពី​សេចក្តី​ឈឺ​ចាប់​របស់​វា

4. កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ ឥត​ត្រឡប់​មក​វិញ​ឡើយ។

5. តើ​អ្នក​ណា​បាន​លែង​លា​ព្រៃ ឲ្យ​មាន​សេរី‌ភាព ឬ​អ្នក​ណា​បាន​ស្រាយ​ចំណង​លា​ផ្លាង

6. ដែល​អញ​បាន​ឲ្យ​មាន​ទី​កន្លែង​នៅ​ទី​រហោ‌ស្ថាន ហើយ​ទី​មាន​ដី​ប្រៃ​ជា​លំនៅ​វា

7. វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង ក៏​មិន​ឮ​សំរែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ

8. ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។

9. តើ​គោ​ព្រៃ​នឹង​សុខ​ចិត្ត​ឲ្យ​ឯង​ប្រើ​ឬ តើ​វា​នឹង​នៅ​ជាប់​ក្បែរ​ទ្រុង​ស្មៅ​របស់​ឯង​ឬ

10. ឯង​អាច​នឹង​ចង​គោ​ព្រៃ​ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ

11. តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កំឡាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ

12. តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ។

13. ឯ​ស្លាប​សត្វ​អូសទ្រីចញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង​នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ

យ៉ូប 39