26. ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ
27. ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ
28. តើភ្លៀងមានឪពុកឬ តើអ្នកណាបានបង្កើតដំណក់សន្សើម
29. តើទឹកកកបានចេញពីផ្ទៃអ្នកណា តើអ្នកណាបានបង្កើតសន្សើមកកដែលមកពីលើមេឃ
30. ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជំរៅ នោះទឹកបានកកហើយ។
31. តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ
32. តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មានចេញតាមរដូវបាន ឬ និងដំរង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ
33. តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
34. តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ
35. តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ ដោយឆ្លើយមកឯងថា «បាទ» បានឬទេ
36. តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងចិត្ត ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ
37. តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន ឬនឹងផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក
38. ដើម្បីឲ្យធូលីបានហូរប្រសព្វគ្នា ហើយឲ្យដុំដីបានរលាយជាប់គ្នាវិញ។
39. តើឯងនឹងរករំពាឲ្យសិង្ហញី ឬចំអែតដល់កូនសិង្ហដែលឃ្លាន
40. ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬម៉បចាំសង្គ្រុបនៅទីកំបាំងបានឬទេ
41. តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ។