17. ឯទ្វារនៃសេចក្តីស្លាប់ តើបានសំដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្តីស្លាប់ហើយឬនៅ
18. តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្តីទាំងអស់នេះហើយ។
19. តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្តីងងឹត តើមានកន្លែងនៅឯណា
20. ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន ហើយឲ្យឯងបានស្គាល់ផ្លូវទៅឯទីលំនៅនៃសេចក្តីនោះ
21. ប្រាកដជាឯងដឹងមែន ដ្បិតនៅគ្រានោះ ឯងបានកើតមកហើយ ឯអាយុឯង ក៏វែងយូរណាស់ផង
22. តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ តើបានឃើញឃ្លាំងនៃព្រិល
23. ដែលអញបានបំរុងទុកសំរាប់គ្រាអន្តរាយឬ គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចំបាំង
24. តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា។
25. តើអ្នកណាបានជីកផ្លូវឲ្យទឹកធំហូរមក ឬផ្លូវឲ្យផ្លេកបន្ទោរនៃផ្គរ
26. ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ
27. ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ
28. តើភ្លៀងមានឪពុកឬ តើអ្នកណាបានបង្កើតដំណក់សន្សើម
29. តើទឹកកកបានចេញពីផ្ទៃអ្នកណា តើអ្នកណាបានបង្កើតសន្សើមកកដែលមកពីលើមេឃ
30. ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជំរៅ នោះទឹកបានកកហើយ។
31. តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ
32. តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មានចេញតាមរដូវបាន ឬ និងដំរង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ
33. តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
34. តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ
35. តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ ដោយឆ្លើយមកឯងថា «បាទ» បានឬទេ
36. តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងចិត្ត ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ