1. ខណៈនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូបថា
2. តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ
3. ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ
4. តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់
5. បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់
6. តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ
7. ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។
8. តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសំរាលចេញពីផ្ទៃម្តាយ
9. គឺក្នុងកាលដែលអញបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្តីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង
10. ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក និងទ្វារផង
11. ដោយពាក្យថា ឯងនឹងមកបានតែត្រឹមនេះ និងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ។
12. តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់
13. ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ
14. ពន្លឺនោះក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ
15. ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។
16. តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជំរៅនៃបាតសមុទ្រឬទេ
17. ឯទ្វារនៃសេចក្តីស្លាប់ តើបានសំដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្តីស្លាប់ហើយឬនៅ
18. តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្តីទាំងអស់នេះហើយ។