យ៉ូប 36:19-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. តើ​សំរែក​របស់​លោក ឬ​ឫទ្ធិ​នៃ​កំឡាំង​លោក​នឹង​បាន​ល្មម អាច​នឹង​ជួយ​ឲ្យ​លោក​រួច​ពី​សេចក្តី​ទុក្ខ​នេះ​បាន​ឬ​ទេ

20. កុំ​ឲ្យ​សង្វាត​ចង់​បាន​ពេល​យប់ ជា​ពេល​ដែល​ពួក​ជន​ត្រូវ​ដក​ចេញ​ពី​កន្លែង​គេ​នោះ​ឡើយ

21. ត្រូវ​ឲ្យ​ប្រយ័ត្ន និង​ចៀស​ចេញ​ពី​សេចក្តី​ទុច្ចរិត ដ្បិត​លោក​បាន​រើស​សេចក្តី​នោះ​ជំនួស​ការ​រង​ទុក្ខ​វិញ។

22. មើល ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ខ្ពស់​វិសេស ដោយ​ឫទ្ធិ​របស់​ទ្រង់ តើ​មាន​គ្រូ​ឯ​ណា​ដែល​ប្រៀប‌ផ្ទឹម​នឹង​ទ្រង់​បាន

23. តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ ដែល​ទ្រង់​ត្រូវ​ដើរ ឬ​អ្នក​ណា​ហ៊ាន​ថា ទ្រង់​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត

24. ត្រូវ​ឲ្យ​លោក​នឹក​ចាំ និង​លើក​ដំកើង​ការ​ទ្រង់​វិញ គឺ​ជា​ការ​ដែល​មនុស្ស​លោក​បាន​ច្រៀង​សរសើរ​ដែរ

25. មនុស្ស​ផង​ទាំង‌ឡាយ​រំពឹង​មើល​ការ​នោះ តែ​គេ​មើល​ពី​ចំងាយ​ទេ

26. មើល ព្រះ​ទ្រង់​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ទ្រង់ នោះ​រក​កំណត់​មិន​បាន

27. គឺ​ទ្រង់​ដែល​ជក់​ទឹក​ទៅ​លើ ឲ្យ​ប្រែ​ជា​ចំហាយ រួច​ទំលាក់​ជា​ភ្លៀង​វិញ

28. ជា​ទឹក​ដែល​ពពក​ចាក់​ចុះ​មក ឲ្យ​ធ្លាក់​ជា​បរិបូរ ស្រោច‌ស្រព​លើ​មនុស្ស​លោក

29. អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន

30. មើល​ទ្រង់​បំព្រាច​ពន្លឺ​រស្មី​ព័ទ្ធ​ជុំវិញ​ទ្រង់ ហើយ​ក៏​គ្រប​បាំង​ទាំង​បាត​សមុទ្រ​ផង

31. ដ្បិត​គឺ​ដោយ‌សារ​ការ​ទាំង​នោះ ដែល​ទ្រង់​ពិចារណា​មើល​អស់​ទាំង​សាសន៍ ទ្រង់​ប្រោស​ប្រទាន​អាហារ​ឲ្យ​ជា​បរិបូរ

32. ទ្រង់​យក​រន្ទះ​កាន់​នៅ​ព្រះ‌ហស្ត ហើយ​ក៏​បាញ់​ទៅ​ចំ​ពួក​ខ្មាំង​សត្រូវ

33. សូរ​គ្រាំ‌គ្រេង​នោះ​សំដែង​ពី​ទ្រង់ ដូច​ជា​ក៏​ឲ្យ​ពពួក​សត្វ​ដឹង​ពេល​ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។

យ៉ូប 36