12. ប៉ុន្តែ បើគេមិនស្តាប់វិញ នោះគេនឹងត្រូវវិនាសទៅដោយដាវ ហើយនឹងស្លាប់ទៅដោយខ្វះប្រាជ្ញា
13. ឯពួកអ្នកដែលមានចិត្តទមិលល្មើស គេប្រមូលទុកសេចក្តីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ
14. ព្រលឹងគេស្លាប់ទៅក្នុងវ័យនៅក្មេងនៅឡើយ ហើយជីវិតគេក៏នៅរួមនឹងពួកស្មោកគ្រោក
15. ទ្រង់ជួយអ្នកដែលមានសេចក្តីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្តីសង្កត់សង្កិន
16. អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្តីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។
17. ប៉ុន្តែ លោកបានសំរេចពេញទី តាមសេចក្តីជំនុំជំរះរបស់មនុស្សអាក្រក់ ដូច្នេះ សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតបានចាប់លោកហើយ
18. កុំបីលោកទុកឲ្យសេចក្តីក្រោធបណ្តាលឲ្យទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ
19. តើសំរែករបស់លោក ឬឫទ្ធិនៃកំឡាំងលោកនឹងបានល្មម អាចនឹងជួយឲ្យលោករួចពីសេចក្តីទុក្ខនេះបានឬទេ
20. កុំឲ្យសង្វាតចង់បានពេលយប់ ជាពេលដែលពួកជនត្រូវដកចេញពីកន្លែងគេនោះឡើយ
21. ត្រូវឲ្យប្រយ័ត្ន និងចៀសចេញពីសេចក្តីទុច្ចរិត ដ្បិតលោកបានរើសសេចក្តីនោះជំនួសការរងទុក្ខវិញ។
22. មើល ព្រះទ្រង់ធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ទ្រង់ តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹងទ្រង់បាន
23. តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត
24. ត្រូវឲ្យលោកនឹកចាំ និងលើកដំកើងការទ្រង់វិញ គឺជាការដែលមនុស្សលោកបានច្រៀងសរសើរដែរ
25. មនុស្សផងទាំងឡាយរំពឹងមើលការនោះ តែគេមើលពីចំងាយទេ
26. មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន