6. ទោះបើលោកសុចរិត គង់តែបានរាប់ជាអ្នកកំភូតវិញ របួសរបស់លោកមើលមិនជាទេ ទោះបើលោកឥតទោសក៏ដោយ
7. តើមានអ្នកឯណាដូចលោកយ៉ូបនេះ ដែលលោកផឹកសេចក្តីឡកឡឺយដូចជាផឹកទឹក
8. លោកសេពគប់នឹងពួកអ្នកដែលប្រព្រឹត្តការទុច្ចរិត ក៏ដើរជាមួយនឹងមនុស្សអាក្រក់
9. ដ្បិតលោកពោលថា ដែលមនុស្សបានពេញចិត្តនឹងព្រះ នោះគ្មានប្រយោជន៍សោះ។
10. ដូច្នេះ ឱមនុស្សមានយោបល់អើយ សូមស្តាប់ខ្ញុំចុះ កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ប្រព្រឹត្តសេចក្តីទុច្ចរិតនោះឡើយ
11. ដ្បិតទ្រង់នឹងសងដល់មនុស្សតាមការដែលគេធ្វើ ហើយនឹងឲ្យគ្រប់គ្នាបានទទួលតាមផ្លូវរបស់ខ្លួន
12. អើ ពិតប្រាកដជាព្រះទ្រង់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់នឹងមិនបង្វែរសេចក្តីយុត្តិធម៌ដែរ
13. តើអ្នកណាបានដំរូវឲ្យទ្រង់គ្រប់គ្រងផែនដី ឬផ្ទុកលោកីយ៍ទាំងមូលទៅលើទ្រង់
14. បើទ្រង់ផ្ចង់ព្រះហឫទ័យចំពោះតែព្រះអង្គទ្រង់ ហើយប្រមូលវិញ្ញាណ និងខ្យល់ដង្ហើមទ្រង់ ត្រឡប់ទៅវិញ
15. នោះគ្រប់ទាំងសាច់នឹងត្រូវវិនាសទៅទាំងអស់ ហើយមនុស្សនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ។
16. ឥឡូវនេះ បើមានយោបល់ពិត នោះសូមស្តាប់សេចក្តីនេះទៀត សូមផ្ទៀងត្រចៀកចំពោះសំឡេងនៃពាក្យរបស់ខ្ញុំចុះ
17. ឯអ្នកណាដែលស្អប់សេចក្តីសុចរិត តើនឹងគ្រប់គ្រងបានឬ តើអ្នកហ៊ានថា ព្រះដ៏សុចរិតជាទីបំផុតទ្រង់មានទោសឬ
18. ឯអ្នកណាដែលទូលដល់ស្តេចថា ទ្រង់ជាមនុស្សចោលម្សៀត ឬចំពោះពួកត្រកូលខ្ពស់ថា លោករាល់គ្នាជាមនុស្សអាក្រក់
19. អ្នកណាដែលមិនកោតខ្លាចដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែជាការនៃព្រះហស្តទ្រង់ធ្វើទាំងអស់
20. អ្នកនោះនឹងត្រូវស្លាប់ទៅក្នុង១រំពេចភ្លាមនៅកណ្តាលអធ្រាត្រ ពួកជននឹងរន្ធត់ ហើយបាត់ទៅ ឯមនុស្សសំខាន់ៗក៏ត្រូវដកចេញទៅ ដោយឥតមានដៃអ្នកណាធ្វើដែរ។