2. មើល ខ្ញុំបានបើកមាត់ហើយ អណ្តាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ
3. ពាក្យសំដីខ្ញុំនឹងសំដែងចេញ ជាសេចក្តីទៀងត្រង់នៃចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្តីដែលខ្ញុំដឹង
4. ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាបានប្រោសឲ្យខ្ញុំមានជីវិត
5. បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្តីនៅមុខខ្ញុំ រួចឈរឡើង
6. មើល លោកហើយនឹងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ ខ្ញុំបានកើតពីដីឥដ្ឋមកដែរ
7. មើលខ្ញុំឥតមានសេចក្តីស្ញែងខ្លាចណា នឹងនាំឲ្យលោកភ័យទេ ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកជាធ្ងន់ដែរ។
8. ប៉ុន្តែ លោកបាននិយាយឲ្យត្រចៀកខ្ញុំឮ ហើយខ្ញុំបានឮសំឡេងនៃពាក្យលោកថា
9. លោកស្អាត ឥតមានមន្ទិលឡើយ លោកគ្មានទោស ក៏គ្មានសេចក្តីទុច្ចរិតណានៅក្នុងខ្លួនដែរ
10. មើល ព្រះទ្រង់រកហេតុទាស់នឹងលោក ហើយក៏រាប់លោកទុកដូចជាខ្មាំងសត្រូវដល់ទ្រង់
11. ទ្រង់បានដាក់ជើងលោកភ្ជាប់ដោយខ្នោះ ហើយក៏ចំណាំមើលអស់ទាំងផ្លូវរបស់លោក
12. ដូច្នេះ ខ្ញុំនឹងឆ្លើយដល់លោកថា ក្នុងសេចក្តីនេះលោកមិនសុចរិតទេ ដ្បិតព្រះទ្រង់ធំជាងមនុស្ស
13. ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ
14. តែព្រះទ្រង់ក៏មានព្រះបន្ទូលមកម្តង ២ដងផង ឥតមានអ្នកណាស្វែងរកន័យសេចក្តីទេ
15. គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេកហើយ
16. នៅវេលានោះ ទ្រង់បើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្តីដែលទ្រង់ប្រដៅគេ