1. ដូច្នេះ អ្នកទាំង៣នោះក៏លែងឆ្លើយនឹងយ៉ូប ពីព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ
2. នៅខណៈនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏កើតមានសេចក្តីកំហឹងឡើង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ
3. គាត់ក៏ខឹងនឹងសំឡាញ់របស់យ៉ូបទាំង៣នាក់នោះដែរ ពីព្រោះគេបានកាត់ទោសដល់យ៉ូប តែរកឆ្លើយតបនឹងលោកមិនបាន
4. រីឯអេលីហ៊ូវ គាត់បានរង់ចាំឱកាសនឹងនិយាយជាមួយនឹងយ៉ូប ពីព្រោះគេសុទ្ធតែចាស់ៗជាងខ្លួន
5. ដូច្នេះ កាលអេលីហ៊ូវឃើញថា អ្នកទាំង៣នោះរកឆ្លើយមិនបាន នោះគាត់ក៏កើតមានសេចក្តីកំហឹងឡើង។
6. នោះអេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយឡើងថា ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន ហេតុនោះបានជាខ្ញុំខ្លាចមិនហ៊ានសំដែងគំនិតខ្ញុំ
7. ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើនបង្រៀនពីប្រាជ្ញា
8. ប៉ុន្តែ មនុស្សលោកសុទ្ធតែមានវិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាក៏ឲ្យមានយោបល់
9. មិនមែនសុទ្ធតែជាអ្នកសំខាន់ៗដែលមានប្រាជ្ញា ឬជាពួកចាស់ៗប៉ុណ្ណោះដែលយល់សេចក្តីយុត្តិធម៌នោះទេ
10. ហេតុនោះបានជាខ្ញុំថា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំដែរ។
11. មើល ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មានរបស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរកសេចក្តីដែលត្រូវនិយាយ