3. គេស្គាំងស្គមដោយខ្វះខាត ហើយនឹងពេលអំណត់ គេទេះស៊ីនៅទីហួតហែង ដែលពីដើមជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់
4. គេបេះស្លឹកប្រង់ដែលដុះនៅក្បែរគុម្ពឈើតូចៗ ហើយមានតែមើមក្តួចជាអាហារដល់គេ
5. គេត្រូវបណ្តេញចេញពីចំណោមមនុស្ស ហើយមនុស្សស្រែកដេញតាមគេ ដូចជាស្រែកតាមចោរ
6. ឲ្យទៅនៅក្នុងហប់ភ្នំគួរស្ញែងខ្លាច ក្នុងរូងដី ហើយរអាងថ្ម
7. គេស្រែកឡើងនៅកណ្តាលគុម្ពឈើ ដូចជាសត្វលា គេប្រជុំគ្នានៅនាគុម្ពផ្អាវ
8. គេសុទ្ធតែជាកូនរបស់មនុស្សដែលឥតគំនិត អើ ជាកូននៃមនុស្សទាបថោកបំផុត គេត្រូវបណ្តេញចេញពីស្រុកទៅ។
9. ឥឡូវនេះ ខ្ញុំបានត្រឡប់ទៅជាបទចំរៀងរបស់គេ ហើយជាពាក្យដែលគេពោលបង្អាប់
10. គេខ្ពើមឆ្អើមខ្ញុំ ក៏ឈរឃ្លាតឆ្ងាយពីខ្ញុំ ហើយក៏ស្តោះដាក់មុខខ្ញុំឥតទប់មាត់ឡើយ
11. ពីព្រោះព្រះទ្រង់បានដំឡោះខ្សែធ្នូបាញ់ធ្វើទុក្ខខ្ញុំ ឯគេបានលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ
12. នៅខាងស្តាំ ខ្ញុំកើតមានពួកពាល គេមកទង្គិចជើងខ្ញុំ ហើយបង្កើតផ្លូវវិនាសរបស់គេទាស់នឹងខ្ញុំ
13. គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេបញ្ជឿនសេចក្តីអន្តរាយដល់ខ្ញុំ ឥតត្រូវការមានអ្នកណាជួយគេឡើយ