13. គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេបញ្ជឿនសេចក្តីអន្តរាយដល់ខ្ញុំ ឥតត្រូវការមានអ្នកណាជួយគេឡើយ
14. គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែកយ៉ាងធំ ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ
15. មានសេចក្តីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់ ហើយសេចក្តីសុខរបស់ខ្ញុំ បានរលាយបាត់ទៅដូចជាពពក។
16. ឥឡូវនេះ ព្រលឹងខ្ញុំត្រូវរលាយទៅ នៅក្នុងខ្លួនខ្ញុំ ហើយគ្រាវេទនាបានចាប់តោងខ្ញុំជាប់
17. នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំ ត្រូវចាក់ទំលុះ ហើយសេចក្តីឈឺចាប់ដែលស៊ីរេះខ្ញុំ នោះមិនចេះសំរាកទេ
18. អាវខ្ញុំត្រូវផ្លាស់ភាពទៅដោយអំណាចនៃរោគនេះ ក៏រឹតរួតខ្លួនខ្ញុំ ដូចជាកអាវខ្ញុំ
19. ទ្រង់បានបោះខ្ញុំទៅក្នុងទីល្បាប់ ខ្ញុំក៏បានត្រឡប់ទៅដូចជាធូលីដី និងផេះហើយ
20. ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ
21. ទ្រង់បានត្រឡប់ទៅជាសាហាវដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាពនៃព្រះហស្តទ្រង់
22. ទ្រង់លើកទូលបង្គំឡើងឲ្យត្រូវខ្យល់ ហើយបណ្តែតទូលបង្គំទៅតាម ទ្រង់រំលាយទូលបង្គំដោយខ្យល់ព្យុះ
23. ដ្បិតទូលបង្គំដឹងថា ទ្រង់នឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសំរាប់ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
24. ប៉ុន្តែ កាលមនុស្សដួលចុះ តើមិនយកដៃទប់ខ្លួនទេឬអី ឬកាលណាមានសេចក្តីអន្តរាយ តើមិនស្រែករកគេជួយដែរឬ
25. ឯខ្ញុំ តើមិនបានស្រក់ទឹកភ្នែកនឹងមនុស្សដែលមានសេចក្តីលំបាក ហើយព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬអី
26. តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្តីល្អ នោះសេចក្តីអាក្រក់បានមកដល់ កាលខ្ញុំបានទន្ទឹងចាំពន្លឺ នោះមានសុទ្ធតែសេចក្តីងងឹតវិញ
27. ចិត្តខ្ញុំខ្ជោលចុះឡើងឥតឈប់ឈរ មានគ្រាលំបាកបានមកលើខ្ញុំហើយ