9. សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះបានងងឹតវិញ ឲ្យបានរកពន្លឺឥតមានឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ
10. ពីព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ ក៏មិនបានបិទបាំងសេចក្តីវេទនា ពីភ្នែកខ្ញុំដែរ។
11. ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ ចាប់តាំងពីក្នុងផ្ទៃ ហើយប្រគល់វិញ្ញាណទៅវិញ ក្នុងកាលដែលម្តាយខ្ញុំបានសំរាលមកនោះ
12. ម្តេចក៏មានភ្លៅទទួលទ្រខ្ញុំ ហើយនឹងដោះឲ្យខ្ញុំបៅ
13. កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្តីស្រាន្តហើយ
14. នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ៍ ជាពួកអ្នកដែលបានសង់ទីសំងាត់សំរាប់ខ្លួន
15. ឬនៅជាមួយនឹងពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់
16. ឬនឹងឥតមានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ
17. នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្តីស្រាកស្រាន្ត
18. នៅទីនោះ ពួកអ្នកទោសមានសេចក្តីសំរាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយដំរួតទៀតទេ
19. មានទាំងអ្នកតូចអ្នកធំនៅទីនោះ ហើយបាវក៏បានរួចពីចៅហ្វាយខ្លួនដែរ។
20. ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្តីជូរចត់ក្នុងចិត្តដូច្នេះ
21. គេទន្ទឹងចាំតែស្លាប់ តែសេចក្តីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ
22. គេមានសេចក្តីរីករាយក្រៃលែង ហើយក៏អរសប្បាយ ក្នុងកាលដែលប្រទះនឹងផ្នូរហើយ
23. ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ