1. យ៉ូបក៏បន្តសេចក្តីអធិប្បាយរបស់លោកតទៅទៀតថា
2. ឱបើសិនជាខ្ញុំបានដូចជាកាលពីដើម ដូចនៅគ្រាដែលព្រះទ្រង់ការពាររក្សាខ្ញុំទៅអេះ
3. គឺកាលចង្កៀងនៃទ្រង់បានភ្លឺមកលើក្បាលខ្ញុំ ហើយខ្ញុំបានដើរកាត់ទីងងឹតដោយសារពន្លឺទ្រង់
4. គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត ហើយមានមិត្រភាពនៃព្រះ នៅក្នុងទីលំនៅរបស់ខ្ញុំ
5. ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់គង់ជាមួយនឹងខ្ញុំនៅឡើយ ហើយខ្ញុំមានកូនចៅនៅជុំវិញ
6. ជាវេលាដែលខ្ញុំបានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
7. គ្រានោះខ្ញុំបានចេញទៅឯទ្វារទីក្រុង ហើយបានរៀបចំទីអង្គុយនៅទីធ្លា
8. ពួកកំឡោះៗបានឃើញខ្ញុំ ហើយក៏រំលៀកចេញ ពួកចាស់ៗបានក្រោកឈរឡើង
9. ពួកដែលជាកំពូលក៏ឈប់និយាយ ហើយយកដៃខ្ទប់មាត់
10. សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ក៏ពោលដោយខ្សឹបគ្នា អណ្តាតគេបានជាប់នៅនឹងក្រអូមមាត់ផង
11. ដ្បិតកាលត្រចៀកបានឮខ្ញុំ នោះក៏ឲ្យពរដល់ខ្ញុំ ហើយកាលភ្នែកបានឃើញខ្ញុំ នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
12. ពីព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច ដែលគេស្រែកឡើង ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង
13. ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្តាលឲ្យចិត្តស្រីមេម៉ាយច្រៀងដោយអំណរ