យ៉ូប 28:11-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គេ​ទប់​រន្ធ​ទឹក មិន​ឲ្យ​ហូរ​ចូល ឯ​របស់​ដែល​នៅ​កំបាំង គេ​នាំ​យក​ចេញ​មក​ដាក់​នៅ​ពន្លឺ។

12. ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​ឯ​ណា​បាន ហើយ​យោបល់ តើ​មាន​កន្លែង​នៅ​ឯ​ណា

13. មនុស្ស​លោក​មិន​ស្គាល់​ដំឡៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​ដែរ

14. ទី​ជំរៅ​ពោល​ថា មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ ហើយ​សមុទ្រ​ក៏​ថា មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ

15. នឹង​ទិញ​យក​ដោយ​មាស​មិន​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ

16. នឹង​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង‌កណ្តៀង​មក​រាប់​ដំឡៃ​នៃ​ប្រាជ្ញា​មិន​បាន

17. មាស ហើយ​នឹង​ពេជ្រ​នឹង​ផ្ទឹម​ស្មើ​មិន​បាន ឬ​នឹង​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ

18. មិន​បាច់​នឹង​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ ដ្បិត​ប្រាជ្ញា​មាន​ដំឡៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត

19. ត្បូង​ទោបុ័ត​ពី​ស្រុក​អេធីយ៉ូពី​ក៏​មិន​ស្មើ​ផង ហើយ​ដំឡៃ​នោះ​នឹង​រាប់​ដោយ​មាស​មិន​បាន

20. ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា

21. ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស ហើយ​បិទ​ទុក​មិន​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ

22. ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា ត្រចៀក​របស់​យើង​បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ។

23. ព្រះ​ទ្រង់​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា ហើយ​ក៏​ស្គាល់​ទី​កន្លែង​ដែរ

24. ដ្បិត​ទ្រង់​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ

25. ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទំងន់ ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ

26. ក្នុង​កាល​ដែល​ទ្រង់​បាន​ដាក់​កំរិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សំរាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ‌លាន់

27. ក្នុង​កាល​នោះ ទ្រង់​បាន​ឃើញ​ប្រាជ្ញា​ហើយ ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា អើ ទ្រង់​បាន​ស្វែង​ប្រមូល​ទុក

យ៉ូប 28