1. ឯយ៉ូបក៏បន្តសេចក្តីអធិប្បាយរបស់លោកទៅទៀតថា
2. ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានដកសេចក្តីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ដែលទ្រង់បានធ្វើឲ្យព្រលឹងខ្ញុំជូរចត់ ថា
3. កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណនៃព្រះនៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ
4. នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្តីអាក្រក់ ហើយអណ្តាតខ្ញុំក៏មិនបញ្ចេញពាក្យភូតភរឡើយ
5. ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ នោះសូមឲ្យនៅឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង
6. ខ្ញុំនឹងប្រកាន់សេចក្តីសុចរិតរបស់ខ្ញុំ ឲ្យជាប់លាប់ឥតលែងតទៅ ក្នុងកាលដែលខ្ញុំរស់នៅឡើយ នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប។
7. សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំបានរាប់ជាទុច្ចរិតផង
8. ដ្បិតទោះបើមនុស្សទមិលល្មើសបានកំរៃក៏ដោយ នោះតើនឹងមានសេចក្តីសង្ឃឹមអ្វី ក្នុងកាលដែលព្រះទ្រង់ដកយកព្រលឹងគេទៅ
9. តើព្រះនឹងឮសំរែករបស់គេ ក្នុងកាលដែលគេកើតមានសេចក្តីលំបាកឬ
10. តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តាជាទីពេញចិត្តដល់គេ ហើយអំពាវនាវដល់ទ្រង់រាល់ពេលវេលាដែរឬ
11. ខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាយល់ពីដំណើរព្រះហស្តនៃព្រះ ឯអ្វីៗដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា នោះខ្ញុំមិនគ្របបាំងឡើយ
12. មើល អ្នករាល់គ្នាក៏បានឃើញសេចក្តីទាំងនេះហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាកើតមានគំនិតផ្តេសផ្តាសអីម៉្លេះ។
13. នេះហើយជាចំណែកដែលព្រះបំរុងទុកដល់មនុស្សអាក្រក់ គឺជាសេចក្តីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
14. បើកាលណាកូនចៅគេបានចំរើនជាច្រើនឡើង នោះគឺសំរាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ
15. ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ