11. គេត្រូវចំរាញ់ធ្វើប្រេងនៅខាងក្នុងរបងនៃមនុស្សទាំងនោះ ព្រមទាំងជាន់ធុងទំពាំងបាយជូរ ដោយរងសំរេក
12. មានឮមនុស្សថ្ងូរពីក្នុងទីក្រុង ហើយព្រលឹងនៃមនុស្សដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះទ្រង់មិនយកព្រះហឫទ័យទុកដាក់នឹងការអាក្រក់នោះឡើយ។
13. ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ គេមិនស្គាល់អស់ទាំងផ្លូវនោះ ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ
14. មនុស្សឃាតកម្មគេក្រោកពីព្រលឹមស្រាង ក៏សំឡាប់មនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរវិញ
15. ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ ដោយនឹកថា គ្មានអ្នកណាឃើញអញទេ គេក៏គ្រលុំក្បាលទៅ
16. នៅពេលងងឹតគេគាស់ទំលុះផ្ទះចូល ហើយនៅវេលាថ្ងៃគេពួនលាក់ខ្លួន ឥតដែលស្គាល់ពន្លឺឡើយ
17. ពេលព្រឹកទុកដូចជាម្លប់នៃសេចក្តីស្លាប់ដល់ពួកទាំងនោះ ដ្បិតគេស្គាល់សេចក្តីស្ញែងខ្លាចរបស់ម្លប់នៃសេចក្តីស្លាប់នោះហើយ។
18. គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី នោះមានតែសេចក្តីបណ្តាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចំការទំពាំងបាយជូរឡើយ
19. បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងរឹះ ហើយក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ស្រូបមនុស្សមានបាបទៅយ៉ាងនោះដែរ
20. ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចុះគេដោយឆ្ងាញ់ និងគ្មានអ្នកណានឹកចាំពីគេតទៅ យ៉ាងនោះសេចក្តីទុច្ចរិតនឹងត្រូវកាច់ផ្តាច់ចេញ ដូចជាដើមឈើ។
21. គេចិញ្ចឹមស្រីអារដែលមិនបង្កើតកូន តែឥតមេត្តាដល់ស្រីមេម៉ាយឡើយ
22. ឯព្រះទ្រង់ធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តាទ្រង់ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ
23. ទ្រង់ប្រទានឲ្យគេបានសេចក្តីសុខ ហើយគេពឹងពាក់លើសេចក្តីនោះ តែព្រះនេត្រទ្រង់ទតឃើញអស់ទាំងផ្លូវរបស់គេ
24. គេបានឡើងជាធំ ប៉ុន្តែ ក្នុងពេលតែ១ភ្លែតទេ គេនឹងបាត់ទៅ អើ គេត្រូវធ្លាក់ចុះ ហើយសែងយកទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវតែម្តង