យ៉ូប 24:10-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្តាប់​ស្រូវ

11. គេ​ត្រូវ​ចំរាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង​នៃ​មនុស្ស​ទាំង​នោះ ព្រម​ទាំង​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ដោយ​រង​សំរេក

12. មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​ទ្រង់​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​ការ​អាក្រក់​នោះ​ឡើយ។

13. ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ

14. មនុស្ស​ឃាត‌កម្ម​គេ​ក្រោក​ពី​ព្រលឹម​ស្រាង ក៏​សំឡាប់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ​វិញ

15. ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ ដោយ​នឹក​ថា គ្មាន​អ្នក​ណា​ឃើញ​អញ​ទេ គេ​ក៏​គ្រលុំ​ក្បាល​ទៅ

16. នៅ​ពេល​ងងឹត​គេ​គាស់​ទំលុះ​ផ្ទះ​ចូល ហើយ​នៅ​វេលា​ថ្ងៃ​គេ​ពួន​លាក់​ខ្លួន ឥត​ដែល​ស្គាល់​ពន្លឺ​ឡើយ

17. ពេល​ព្រឹក​ទុក​ដូច​ជា​ម្លប់​នៃ​សេចក្តី​ស្លាប់​ដល់​ពួក​ទាំង​នោះ ដ្បិត​គេ​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​របស់​ម្លប់​នៃ​សេចក្តី​ស្លាប់​នោះ​ហើយ។

18. គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ឯ​ចំណែក​របស់​គេ​នៅ​ផែនដី នោះ​មាន​តែ​សេចក្តី​បណ្តាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ

19. បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌រឹះ ហើយ​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ

20. ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចុះ​គេ​ដោយ​ឆ្ងាញ់ និង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ត​ទៅ យ៉ាង​នោះ​សេចក្តី​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់​ចេញ ដូច​ជា​ដើម​ឈើ។

21. គេ​ចិញ្ចឹម​ស្រី​អារ​ដែល​មិន​បង្កើត​កូន តែ​ឥត​មេត្តា​ដល់​ស្រី​មេម៉ាយ​ឡើយ

22. ឯ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​ពួក​ធំៗ​ទាំង​នោះ​មាន​អាយុ​វែង ដោយ‌សារ​ព្រះ‌ចេស្តា​ទ្រង់ ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះ គេ​បាន​ឡើង​ជា​ធំ

23. ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្តី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្តី​នោះ តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ

24. គេ​បាន​ឡើង​ជា​ធំ ប៉ុន្តែ ក្នុង​ពេល​តែ​១​ភ្លែត​ទេ គេ​នឹង​បាត់​ទៅ អើ គេ​ត្រូវ​ធ្លាក់​ចុះ ហើយ​សែង​យក​ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ​តែ​ម្តង

25. បើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា ខ្ញុំ​កុហក ហើយ​ធ្វើ​ឲ្យ​សំដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន។

យ៉ូប 24