យ៉ូប 23:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា

2. នៅ​ថ្ងៃ​នេះ សេចក្តី​ដំអូញ​របស់​ខ្ញុំ​ទុក​ជា​សេចក្តី​បះ‌បោរ​ទៀត តែ​ព្រះ‌ហស្ត​ដែល​សង្កត់​លើ​ខ្ញុំ នោះ​ធ្ងន់​ជាង​អស់​ទាំង​ដំងូរ​ខ្ញុំ​ផង

3. ឱ​បើ​ខ្ញុំ​បាន​ដឹង​ជា​ប្រទះ​ឃើញ​ទ្រង់​នៅ​ទី​ណា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​ដល់​បល្ល័ង្ក​ទ្រង់​ទៅ​អេះ

4. នោះ​ខ្ញុំ​នឹង​បាន​រៀប‌រាប់​ពី​ដំណើរ​ខ្ញុំ​ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ​ដោយ​សេចក្តី​ជជែក​តវ៉ា

5. ខ្ញុំ​នឹង​បាន​ស្គាល់​ពាក្យ​ណា​ដែល​ទ្រង់​នឹង​ឆ្លើយ​មក​ខ្ញុំ ហើយ​យល់​សេចក្តី​ដែល​ទ្រង់​ចង់​មាន​ព្រះ‌បន្ទូល​តប

6. តើ​ទ្រង់​នឹង​តវ៉ា​នឹង​ខ្ញុំ ដោយ​នូវ​អំណាច​ទ្រង់​ដ៏​ធំ​ឬ​អី ទេ គឺ​ទ្រង់​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ​ជា​ពិត

7. នៅ​ទី​នោះ មនុស្ស​ទៀង​ត្រង់​នឹង​ប្រឹក្សា​នឹង​ទ្រង់​បាន យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​រួច​ជា​ដរាប ពី​អំណាច​ចៅ‌ក្រម​ដែល​ជំនុំ​ជំរះ​ខ្ញុំ

8. តែ​មើល ខ្ញុំ​ដើរ​ទៅ​ខាង​មុខ តែ​ទ្រង់​មិន​មែន​នៅ​ទី​នោះ​ក៏​ថយ​ទៅ​ក្រោយ តែ​រក​សំគាល់​ទ្រង់​មិន​បាន

9. ក៏​ទៅ​ខាង​ឆ្វេង​ក្នុង​កាល​ដែល​ទ្រង់​ប្រកប​កិច្ច‌ការ តែ​ខ្ញុំ​មើល​ទ្រង់​មិន​ឃើញ ហើយ​ទ្រង់​ពួន​នៅ​ខាង​ស្តាំ មិន​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ។

10. ប៉ុន្តែ ទ្រង់​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ទ្រង់​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស

11. ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ទ្រង់ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ទ្រង់ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ

យ៉ូប 23