យ៉ូប 22:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​អេលី‌ផាស សាសន៍​ថេម៉ាន ក៏​ឆ្លើយ​ឡើង​ថា

2. តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ ឯ​មនុស្ស​ប្រាជ្ញ គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

3. បើ​អ្នក​ជា​មនុស្ស​សុចរិត នោះ​តើ​ចំរើន​សេចក្តី​អំណរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឬ​អី បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង នោះ​តើ​ជា​កំរៃ​ដល់​ទ្រង់​ឬ

4. តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា​មួយ​នឹង​អ្នក​ឬ

5. ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្តី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ

6. ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង​ប្អូន​អ្នក​ដោយ​ឥត​ហេតុ ហើយ​បាន​សំរាត​យក​ពី​មនុស្ស​កំសត់​ទុគ៌ត​ផង

7. អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ

8. មនុស្ស​ខ្លាំង​ពូកែ​បាន​ជា​ម្ចាស់​លើ​ផែនដី មនុស្ស​មាន​បណ្តា​សក្តិ​បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក

9. អ្នក​បាន​បណ្តេញ​ស្រី​មេម៉ាយ​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​បាន​បំបាក់​ដៃ​នៃ​ពួក​កំព្រា

10. ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ហើយ​មាន​សេចក្តី​ស្ញែង​ខ្លាច​ភ្លាមៗ​មក​បំភ័យ​អ្នក

11. ឬ​ជា​សេចក្តី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

12. ឯ​ព្រះ តើ​ទ្រង់​មិន​គង់​នៅ​ជាន់​ខ្ពស់ នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី ចូរ​មើល​ផ្កាយ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន ដែល​ជា​ខ្ពស់​ដល់​ណា​ទៅ

យ៉ូប 22