យ៉ូប 2:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ​នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង មួយ​ទៀត ទោះ​បើ​ឯង​បណ្តាល​ឲ្យ​អញ​ទាស់​នឹង​គាត់ ដើម្បី​នឹង​បំផ្លាញ​ចេញ ដោយ​ឥត​ហេតុ​ក៏​ដោយ គង់​តែ​គាត់​នៅ​រក្សា​លក្ខណៈ​ខ្លួន​ដដែល

4. សាតាំង​ទូល​តប​ថា ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ

5. ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង និង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ

6. ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ប្រគល់​គាត់​ទៅ​ក្នុង​អំណាច​ឯង​ទៀត ចូរ​ប្រណី​ដល់​តែ​ជីវិត​គាត់​ប៉ុណ្ណោះ។

7. ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​វាយ​យ៉ូប​ឲ្យ​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល

8. នោះ​លោក​យក​អំបែង​ឆ្នាំង​សំរាប់​កោស​ខ្លួន ទៅ​អង្គុយ​នៅ​ក្នុង​ផេះ

9. ឯ​ប្រពន្ធ​លោក នាង​និយាយ​ថា អ្នក​នៅ​តែ​រក្សា​លក្ខណៈ​ខ្លួន​ទៀត​ឬ ចូរ​ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់​ទៅ​ចុះ

10. តែ​លោក​ឆ្លើយ​ថា ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់​ទេ ម៉េច យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ ក្នុង​គ្រប់​ទាំង​សេចក្តី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​បបូរ​មាត់​ទេ។

11. រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់ កាល​បាន​ឮ​និយាយ​ពី​សេចក្តី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​១ ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា​១ និង​សូផារ ជា​សាសន៍​ន៉ាអាម៉ា​១ គេ​សន្មត​គ្នា​នឹង​មក​រួម​ទុក្ខ​ជា​មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ

12. កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ

យ៉ូប 2