1. នោះយ៉ូបក៏ឆ្លើយឡើងថា
2. អ្នករាល់គ្នានឹងធ្វើទុក្ខដល់ព្រលឹងខ្ញុំ ហើយឈ្លីឈ្លក់ខ្ញុំដោយពាក្យសំដីដល់កាលណាទៀត
3. មានទាំង១០ដងនេះហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ ព្រមទាំងបញ្ឈឺចិត្តខ្ញុំដោយឥតខ្មាស
4. បើសិនជាខ្ញុំបានធ្វើខុសមែន សេចក្តីកំហុសនោះក៏នៅជាប់តែនឹងខ្លួនខ្ញុំទេ
5. បើសិនជាអ្នករាល់គ្នាចង់ធ្វើធំលើខ្ញុំ ហើយជជែកយកខុសត្រូវពីសេចក្តីអាម៉ាស់ខ្មាសរបស់ខ្ញុំនេះ
6. នោះត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់។
7. មើល ខ្ញុំស្រែកឡើងថា ខ្ញុំត្រូវគេធ្វើអាក្រក់ហើយ តែគ្មានអ្នកណាឮសោះ ខ្ញុំស្រែកឲ្យគេជួយ តែគ្មានសេចក្តីយុត្តិធម៌ឡើយ
8. ទ្រង់បានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំងងឹតទៅ
9. ទ្រង់បានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងចាប់យកមកុដពីក្បាលខ្ញុំចេញផង
10. ទ្រង់បានបំផ្លាញខ្ញុំពីគ្រប់ទិស ហើយខ្ញុំកំពុងតែទៅបាត់ ឯសេចក្តីសង្ឃឹមរបស់ខ្ញុំ នោះទ្រង់បានរំលើងចេញ ដូចជាដើមឈើ
11. ទ្រង់បានបង្កាត់សេចក្តីក្រោធរបស់ទ្រង់ទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងទ្រង់
12. ពលទ័ពរបស់ទ្រង់ចូលមកព្រមៗគ្នា ហើយលើកថ្នល់មកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។
13. ទ្រង់បានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់
14. ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្រសំឡាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
15. ទាំងពួកអ្នកនៅផ្ទះខ្ញុំ និងបាវស្រី ក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកកន្ទៀតដល់ភ្នែកគេ
16. ខ្ញុំហៅអ្នកបំរើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរវាផង
17. ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្តីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះ១នឹងខ្ញុំដែរ