យ៉ូប 15:4-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. អើ អ្នក​បំផ្លាញ​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្តី​នឹក‌ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង

5. ដ្បិត​សេចក្តី​អាក្រក់​របស់​អ្នក​បញ្ចេះ​ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សំដី​របស់​មនុស្ស​ឧបាយ​អាក្រក់

6. គឺ​មាត់​របស់​អ្នក​ដែល​កាត់​ទោស​ដល់​ខ្លួន​ហើយ មិន​មែន​ជា​ខ្ញុំ​ទេ អើ បបូរ​មាត់​របស់​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។

7. តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ

8. តើ​អ្នក​បាន​ឮ​សេចក្តី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​១​ទេ ដែល​មាន​ប្រាជ្ញា​ឬ​អី

9. តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ​ដែរ ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​ផង​នោះ

10. ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​ស្កូវ និង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត

11. តើ​អ្នក​រាប់​សេចក្តី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្តី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី

12. ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ

13. ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយ​បណ្តោយ​ឲ្យ​មាត់​ពោល​សេចក្តី​យ៉ាង​នេះ​ចេញ​មក

14. តើ​មនុស្ស​ជា​អ្វី​ដែល​នឹង​ត្រូវ​បាន​បរិសុទ្ធ ជា​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី ដែល​នឹង​ត្រូវ​បាន​សុចរិត​នោះ

15. មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ

16. ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្តី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។

17. ខ្ញុំ​នឹង​សំដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ដែល​ខ្ញុំ​បាន​ឃើញ​ហើយ

18. គឺ​ជា​សេចក្តី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​ពួក​អយ្យកោ​គេ ឥត​លាក់​ទុក​ឡើយ

19. ជា​ពួក​តែ​១​ដែល​បាន​ទទួល​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា​ចូល​មក​ក្នុង​ពួក​គេ​ឡើយ

20. គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​១​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក​សំរាប់​មនុស្ស​គំហក‌កំហែង

21. មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចំរើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ

22. គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ

យ៉ូប 15