យ៉ូប 15:16-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្តី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។

17. ខ្ញុំ​នឹង​សំដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ដែល​ខ្ញុំ​បាន​ឃើញ​ហើយ

18. គឺ​ជា​សេចក្តី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​ពួក​អយ្យកោ​គេ ឥត​លាក់​ទុក​ឡើយ

19. ជា​ពួក​តែ​១​ដែល​បាន​ទទួល​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា​ចូល​មក​ក្នុង​ពួក​គេ​ឡើយ

20. គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​១​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក​សំរាប់​មនុស្ស​គំហក‌កំហែង

21. មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចំរើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ

22. គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ

23. គេ​ដើរ​ចេញ​ទៅ​ឯ​ទី​នេះ​ផង​នោះ​ផង រក​អាហារ​បរិភោគ​ទាំង​សួរ​ថា តើ​នៅ​ឯ​ណា គេ​ស្មាន​ប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ

24. មាន​ទុក្ខ​លំបាក និង​សេចក្តី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​បង្គ្រប​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា​ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង

25. ពី​ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

26. គេ​រត់​ទៅ​លើ​ទ្រង់​ដោយ​ក​ត្រង់ ហើយ​បាំង​ខ្លួន​នឹង​ពក​ខែល​យ៉ាង​ក្រាស់

27. ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង

28. គេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ

29. គេ​នឹង​មិន​ដែល​បាន​ជា​អ្នក​មាន ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ឯ​ធន‌ធាន​របស់​គេ ក៏​មិន​បាន​ដុះ‌ដាល នៅ​ផែនដី​ឡើយ

30. គេ​នឹង​ចេញ​ពី​សេចក្តី​ងងឹត​មិន​រួច អណ្តាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ ដោយ​ខ្យល់​ពី​ព្រះ‌ឱស្ឋ​នៃ​ទ្រង់

31. កុំ​បី​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្តី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្តី​អសារ​ឥត​ការ​នឹង​បាន​ជា​រង្វាន់​ដល់​គេ

32. ការ​នោះ​នឹង​បាន​សំរេច​មុន​ពេល​កំណត់​របស់​គេ​ផង ឯ​មែក គេ​នឹង​មិន​បាន​ខៀវ​ស្រស់​ទៀត​ទេ

យ៉ូប 15