15. មើល ទ្រង់មិនទុកចិត្តនឹងពួកបរិសុទ្ធរបស់ទ្រង់ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្រទ្រង់ដែរ
16. ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្តីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។
17. ខ្ញុំនឹងសំដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្តីដែលខ្ញុំបានឃើញហើយ
18. គឺជាសេចក្តីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីពួកអយ្យកោគេ ឥតលាក់ទុកឡើយ
19. ជាពួកតែ១ដែលបានទទួលគ្រងស្រុក ឥតមានសាសន៍ដទៃណាចូលមកក្នុងពួកគេឡើយ
20. គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់១ជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុកសំរាប់មនុស្សគំហកកំហែង
21. មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ
22. គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ
23. គេដើរចេញទៅឯទីនេះផងនោះផង រកអាហារបរិភោគទាំងសួរថា តើនៅឯណា គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ
24. មានទុក្ខលំបាក និងសេចក្តីចង្អៀតចិត្តមកបំភ័យគេ ក៏បង្គ្របឈ្នះគេដូចជាស្តេចណាដែលរៀបជាស្រេចនឹងទៅច្បាំង
25. ពីព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
26. គេរត់ទៅលើទ្រង់ដោយកត្រង់ ហើយបាំងខ្លួននឹងពកខែលយ៉ាងក្រាស់