1. នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា
2. តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្តីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
3. តើគួរនឹងជជែកដោយសំដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយដែលបង្កើតសេចក្តីល្អមិនបានឬអី
4. អើ អ្នកបំផ្លាញសេចក្តីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្តីនឹកជញ្ជឹង នៅចំពោះព្រះផង
5. ដ្បិតសេចក្តីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់
6. គឺមាត់របស់អ្នកដែលកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នកធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។
7. តើអ្នកជាមនុស្សដំបូងដែលកើតមកឬ តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ
8. តើអ្នកបានឮសេចក្តីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ តើអ្នកស្មានថា មានតែខ្លួនអ្នក១ទេ ដែលមានប្រាជ្ញាឬអី
9. តើអ្នកចេះអ្វីដែលពួកយើងមិនចេះដែរ ឬយល់អ្វីដែលពួកយើងមិនបានយល់ផងនោះ
10. ខាងយើងមានទាំងមនុស្សក្បាលស្កូវ និងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត
11. តើអ្នករាប់សេចក្តីកំសាន្តរបស់ព្រះថា មិនគ្រាន់ដល់អ្នក ព្រមទាំងសេចក្តីដែលទ្រង់មានព្រះបន្ទូលមកអ្នក ដោយផ្អែមពីរោះផងឬអី
12. ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត ហើយមិចភ្នែកដូច្នេះ
13. ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបណ្តោយឲ្យមាត់ពោលសេចក្តីយ៉ាងនេះចេញមក
14. តើមនុស្សជាអ្វីដែលនឹងត្រូវបានបរិសុទ្ធ ជាមនុស្សកើតមកពីមនុស្សស្រី ដែលនឹងត្រូវបានសុចរិតនោះ
15. មើល ទ្រង់មិនទុកចិត្តនឹងពួកបរិសុទ្ធរបស់ទ្រង់ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្រទ្រង់ដែរ
16. ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្តីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។