1. នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា
2. តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្តីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
3. តើគួរនឹងជជែកដោយសំដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយដែលបង្កើតសេចក្តីល្អមិនបានឬអី
4. អើ អ្នកបំផ្លាញសេចក្តីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្តីនឹកជញ្ជឹង នៅចំពោះព្រះផង
5. ដ្បិតសេចក្តីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់
6. គឺមាត់របស់អ្នកដែលកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នកធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។
7. តើអ្នកជាមនុស្សដំបូងដែលកើតមកឬ តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ
8. តើអ្នកបានឮសេចក្តីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ តើអ្នកស្មានថា មានតែខ្លួនអ្នក១ទេ ដែលមានប្រាជ្ញាឬអី
9. តើអ្នកចេះអ្វីដែលពួកយើងមិនចេះដែរ ឬយល់អ្វីដែលពួកយើងមិនបានយល់ផងនោះ
10. ខាងយើងមានទាំងមនុស្សក្បាលស្កូវ និងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត
11. តើអ្នករាប់សេចក្តីកំសាន្តរបស់ព្រះថា មិនគ្រាន់ដល់អ្នក ព្រមទាំងសេចក្តីដែលទ្រង់មានព្រះបន្ទូលមកអ្នក ដោយផ្អែមពីរោះផងឬអី