8. តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ
9. អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ
10. បើអ្នករាល់គ្នាលំអៀងទៅខាងណាដោយសំងាត់ នោះប្រាកដជាទ្រង់នឹងបន្ទោសដល់អ្នករាល់គ្នាហើយ
11. តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្តីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ
12. សេចក្តីដែលអ្នករាល់គ្នាពោលអាង នោះសុទ្ធតែជាផេះទាំងអស់ សេចក្តីដោះសារបស់អ្នករាល់គ្នា សុទ្ធតែជាភក់ទទេ។
13. សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ
14. ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី
15. ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងចេះតែជជែក ពីសេចក្តីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់
16. ហើយនេះនឹងបានជាសេចក្តីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិលល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន
17. ចូរប្រុងស្តាប់សេចក្តីរបស់ខ្ញុំចុះ ហើយឲ្យសេចក្តីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង
18. មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត
19. តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
20. ឱសូមព្រះទ្រង់ប្រោសសេចក្តីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភក្ត្រទ្រង់ឡើយ
21. គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត
22. នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានព្រះបន្ទូលឆ្លើយមកវិញ