យ៉ូប 13:14-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ដៃ​ដូច្នេះ​ធ្វើ​អី

15. ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ចេះ​តែ​ជជែក ពី​សេចក្តី​សុចរិត​នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ទ្រង់

16. ហើយ​នេះ​នឹង​បាន​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិល​ល្មើស​នឹង​ចូល​ទៅ​នៅ​ចំពោះ​ទ្រង់​មិន​បាន

17. ចូរ​ប្រុង​ស្តាប់​សេចក្តី​របស់​ខ្ញុំ​ចុះ ហើយ​ឲ្យ​សេចក្តី​ថ្លែង​ប្រាប់​របស់​ខ្ញុំ​បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង

18. មើល ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត

19. តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។

20. ឱ​សូម​ព្រះ​ទ្រង់​ប្រោស​សេចក្តី​តែ​២​មុខ​នេះ ដល់​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​មិន​លាក់​ខ្លួន​ពី​ព្រះ‌ភក្ត្រ​ទ្រង់​ឡើយ

21. គឺ​សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់ មក​បំភ័យ​ទូល‌បង្គំ​ទៀត

22. នោះ​សូម​ទ្រង់​ហៅ​ទូល‌បង្គំ​ចុះ ទូល‌បង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូល‌បង្គំ​ទូល​ដល់​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​វិញ

23. តើ​សេចក្តី​ទុច្ចរិត និង​អំពើ​បាប​របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្តី​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង

24. ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ

25. ទ្រង់​នឹង​វាយ​ស្លឹក​ឈើ​ដែល​ខ្យល់​ផាត់​ទៅ​មក​ធ្វើ​អី ហើយ​ដេញ​តាម​ចំបើង​ក្រៀម​ឬ​អី

26. ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​កត់​ទុក​អស់​ទាំង​សេចក្តី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ ហើយ​ឲ្យ​ទូល‌បង្គំ​ទទួល​ទោស​នៃ​បាប​ដែល​បាន​ធ្វើ​ពី​កាល​នៅ​ក្មេង​មក​ដូច្នេះ

27. ទ្រង់​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូល‌បង្គំ ហើយ​ទ្រង់​គូស​ព្រំ‌ដែន មិន​ឲ្យ​ដាន​ជើង​ទូល‌បង្គំ​រំលង​ឡើយ

28. ទោះ​បើ​ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត​បាន​កាត់​អស់​ហើយ​ផង។

យ៉ូប 13